ទីភ្នាក់ងារថាមពលអន្តរជាតិ៖ ការសម្រេចគោលដៅសូន្យកាបូន ទាមទារការចំណាយប្រាក់ច្រើនជាងការពាក់ព័ន្ធនឹងនយោបាយ
អន្តរជាតិ៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានលើកឡើងកាលពីថ្ងៃអង្គារទី២៦ ខែកញ្ញាថា វឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងបច្ចេកវិទ្យាថាមពលស្អាត ដូចជាបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនីជាដើម បានបង្ហាញថា [យើង] នៅតែមានឱកាសក្នុងការរក្សាកំដៅផែនដីឱ្យស្ថិតនៅក្រោម ១,៥ អង្សាសេបាន។
ប៉ុន្តែទីភ្នាក់ងារនេះក៏បានបញ្ជាក់ថា ពិភពលោកនឹងត្រូវការការវិនិយោគចំនួន ៤,៥ ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីអាចផ្លាស់ប្តូរពិភពលោកមួយនេះ ទៅរកការប្រើប្រាស់ថាមពលស្អាតជាងមុន គិតចាប់ពីដើមទសវត្សរ៍ក្រោយទៅ។ តួលេខនេះខ្ពស់ជាងចំនួននៃការចំណាយដែលបានរំពឹងទុកនៅដើមឆ្នាំ២០២៣ ដែលកាលនោះមានត្រឹមតែ ១,៨ ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅឆ្នាំនេះ សីតុណ្ហភាពបានឡើងដល់កម្រិតខ្ពស់បំផុត ដោយជាមធ្យម ពិភពលោកយើងមានកម្ដៅខ្ពស់ជាង ១,១ អង្សាសេ បើធៀបទៅនឹងកម្រិតសីតុណ្ហភាពជាមធ្យមនៅមុនសម័យបដិវត្តឧស្សាហកម្ម។
គួរដឹងដែរថា ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុនៅទីក្រុងប៉ារីសឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ ធ្លាប់បានប្ដេជ្ញារក្សាការកើនឡើងសីតុណ្ហភាពពិភពលោកឱ្យនៅក្រោម ២ អង្សាសេ។ បច្ចុប្បន្ននេះ ប្រទេសទាំងអស់បាននិងកំពុងខិតខំប្រឹងប្រែងកំណត់មិនឱ្យលើសពី ១,៥ អង្សាសេដើម្បីបញ្ចៀសផលវិបាកធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ និងហានិភ័យភ្លើងឆេះព្រៃជាដើម។
ទីភ្នាក់ងារថាមពលអន្តរជាតិបានធ្វើបច្ចុប្បន្នភាពទៅលើផែនការសូន្យកាបូន (Net Zero Roadmap) របស់ខ្លួន និងបានបង្ហាញថា កំណើននៃថាមពលពន្លឺព្រះអាទិត្យ និងការលក់រថយន្តអគ្គិសនីចាប់តាំងពីឆ្នាំ២០២១ រួមជាមួយនឹងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធផ្សេងៗ បានដើរស្របតាមគោលដៅដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលនៅត្រឹមពាក់កណ្តាលសតវត្សរ៍ទៀត។
ទីភ្នាក់ងារថាមពលអន្តរជាតិបានសង្កត់ធ្ងន់ថា យើងត្រូវតែប្រឹងប្រែងបន្ថែមទៀត ពោលគឺត្រូវបង្កើនថាមពលកកើតឡើងវិញជាសកលឱ្យបានបីដង បង្កើនហេដ្ឋារចនាសម្ព័ន្ធថាមពលដែលមានប្រសិទ្ធភាពទ្វេដង និងបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីនៅឆ្នាំ២០៣០។
ទីភ្នាក់ងារនេះក៏បានអំពាវនាវឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នមេតានក្នុងវិស័យថាមពលចំនួន ៧៥% នៅត្រឹមឆ្នាំ២០៣០ ដែលនឹងត្រូវចំណាយថវិកាចំនួនប្រមាណជា ៧៥ ប៊ីលានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា ការចំណាយ ៧៥ ប៊ីលានដុល្លារអាមេរិកនេះ គឺស្មើនឹង ២ភាគរយ ប៉ុណ្ណោះនៃប្រាក់ចំណូលដែលទទួលបានដោយឧស្សាហកម្មប្រេង និងឧស្ម័នក្នុងឆ្នាំ២០២២។
យោងតាមរបាយការណ៍បានបង្ហាញថា ដើម្បីទទួលបានជោគជ័យក្នុងការឈានទៅសម្រេចគោលដៅសូន្យកាបូន គឺតម្រូវឱ្យមានការចូលរួមពីសំណាក់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក។ ប្រទេសទាំងអស់ត្រូវគិតគូរពីស្ថានភាពជាក់ស្ដែងដែលកំពុងកើតមាននៅក្នុងប្រទេស ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ត្រូវធ្វើយ៉ាងណាឱ្យខ្លួនអាចឈានដល់គោលដៅសូន្យកាបូនឱ្យបានមុនប្រទេសកំពុងអភិវឌ្ឍន៍។
បើទោះបីជាឆ្នាំនេះ ពិភពលោកបានជួបប្រទះនឹងអាកាសធាតុអាក្រក់ខ្លាំងក៏ដោយ អ្នកនយោបាយភាគច្រើននៅតែបន្តមានការព្រួយបារម្ភអំពីការចំណាយក្នុងជីវិតប្រចាំថ្ងៃខ្ពស់ និងការទទួលបានការបោះឆ្នោតគាំទ្រឱ្យឡើងកាន់អំណាចទៅវិញ។ អ្នកនយោបាយទាំងនោះថែមទាំងបានបោះបង់ចោលការសន្យារបស់ពួកគេដែលថានឹងចូលរួមក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ លោក ហ្វាទី ប៊ីរ៉ូល (Fatih Birol) បានមានប្រសាសន៍ថា «រដ្ឋាភិបាលទាំងអស់ចាំបាច់ត្រូវតែបែងចែកបញ្ហាអាកាសធាតុចេញពីរឿងភូមិសាស្ត្រនយោបាយ ដោយសារតែទំហំនៃការខូចខាតពីបម្រែបម្រួលអាកាសធាតុគឺធំធេងណាស់»៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters IEA says route to net zero requires more cash and less politics