ក្រសួងមហាផ្ទៃតម្រូវធ្វើតេស្តរកសារធាតុញៀនពីមន្ត្រីពន្ធនាគារគ្រប់គ្រងអ្នកទោសគ្រឿងញៀន (Video Inside)
មន្ត្រីដែលគ្រប់គ្រងអ្នកទោសគ្រឿងញៀន និងអ្នកជាប់ឃុំក្នុងពន្ធនាការ នឹងតម្រូវឱ្យធ្វើតេស្តរកសារធាតុញៀន យោងតាមសេចក្តីណែនាំមួយ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣។
ការតម្រូវធ្វើតេស្តទាំងអ្នកជាប់ពន្ធនាគារ និងអ្នកគ្រប់គ្រងអ្នកទោសគ្រឿងញៀន បានធ្វើឡើងក្រោយមានការរិះគន់ខ្លះដែលនិយាយថា មានគ្រឿងញៀនចែកចាយក្នុងពន្ធនាគារ និងមានអ្នកទោសអាចបញ្ជាចេញពីក្នុងគុក លើការធ្វើចរាចរគ្រឿងញៀននៅខាងក្រៅបានទៀត។
សេចក្តីណែនាំបានបញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀននេះ គឺ «ដើម្បីធានាប្រសិទ្ធភាព ការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ…»។
សេចក្តីណែនាំដដែលបានព្រមានថា «ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ត ឬរកឃើញមានសារធាតុញៀន, អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពីក្រសួង ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន»។