ព្រលានយន្តហោះសៀមរាបអង្គរថ្មី ត្រៀមសម្ពោធថ្ងៃទី១ធ្នូ (Video Inside)

ព្រលានយន្តហោះសៀមរាបអង្គរថ្មី គ្រោងនឹងធ្វើតេស្តការហោះហើរ មុននឹងដាក់ដំណើរការទទួលជើងហោះហើរលើកដំបូង នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣។

យោងតាមមន្ត្រីអាកាសចរស៊ីវិល ការធ្វើតេស្តហោះហើរ នឹងធ្វើនៅថ្ងៃទី៥តុលា, ចំណែកការទទួលជើងហោះហើរលើកដំបូងជាអន្តរជាតិ នឹងគ្រោងធ្វើនៅថ្ងៃទី១៦តុលា។

មន្ត្រីនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថាពិធីទទួលជើងហោះហើរលើកដំបូង ជាអន្តរជាតិ នៅថ្ងៃទី១៦តុលា នឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ដែលទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

មន្ត្រីនាំពាក្យដដែលបានថ្លែងបញ្ជាក់ទៀតថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងគ្រោងដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំចាប់ពី២០៤០។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០លានដុល្លារអាមេរិក៕

ads banner