កម្ពុជា-ធនាគារពិភពលោកនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានទឹករយៈពេលវែងឱ្យកាន់តែខ្លាំង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម និងប្រតិភូធនាគារពិភពលោក ឬហៅកាត់ថា WB បានលើកឡើងថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្នាលើការអភិវឌ្ឍធនធានទឹករយៈពេលវែងឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាឱ្យមាននិរន្តភាព។

ប្រភពក្រសួងធនធានទឹកបានបង្ហាញថា ការលើកឡើងរបស់ភាគីទាំងពីរធ្វើឡើងតាមរយៈជំនួបពិភាក្សាគ្នារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានា និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងនិងធនាគារពិភពលោកក្នុងការកសាងនិងការអភិវឌ្ឍន៍ធនធានទឹករយៈពេលវែងនៅកម្ពុជា។

លោកបានឱ្យដឹងដែរថា ក្នុងពេលបច្ចុប្បន្ន ដោយមានការគាំទ្រ និងក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ក្រសួងបាននិងកំពុងដំណើរការគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងកំពុងរៀបចំ គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ៖ «ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្សគឺជាអាទិភាពទីមួយ ហេតុនេះ ធនាគារពិភពលោកជាមជ្ឈមណ្ឌលចំណេះដឹង និងជាដៃគូដ៏ល្អដើម្បីគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួងដែលបានដាក់ចេញ»។

ជាការឆ្លើយតប លោកស្រី Mariam Sherman បានលើកឡើងថា អភិវឌ្ឍធនធានទឹក គឺរឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ លោកស្រីបញ្ជាក់ថា ៖ « ធនាគារពិភពលោក នឹងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានទឹកនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត»។

ជុំវិញរឿងនេះដែរ លោក ផុន សុគន្ធ សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានប្រាប់នៅថ្ងៃទី២៧ ខែកញ្ញា ដោយបង្ហាញការគាំទ្រចំពោះការបន្តពង្រឹងកិច្ចសហការរវាងក្រសួង និងដៃគូរអភិវឌ្ឍន៍អន្តរជាតិនានា ខណៈលោកថា តាមរយៈកិច្ចសហការនេះ នឹងជួយទប់ស្កាត់ ក៏ដូចជារួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ពិសេសអាជីវករដែលរកស៊ីក្នុងវិស័យទឹក។

លោកបានបន្តថា ៖ «ខ្ញុំរំពឹងថា កិច្ចសហប្រតិបតិ្តការនេះ នឹងជួយដល់អាជីវករដែលរកស៊ីក្នុងវិស័យទឹកស្អាត ដែលពួកគាត់ប្រើប្រាស់ស្រះទឹក ហើយជួបបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដោយឱ្យពួកគាត់មានចំណេះជំនាញក្នុងការគ្រប់គ្រងទឹកប្រើប្រាស់ ជួយអប់រំប្រជាពលរដ្ឋពីការប្រើប្រាស់ទឹកស្អាត ពិសេសក៏ជួយកសាងសមត្ថភាពមន្រ្តីធនធានទឹកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសំដៅជួយអភិវឌ្ឍវិស័យធនធានទឹកថែមទៀត»។

តាមរយៈជំនួបនេះដែរ ក្រសួងធនធានទឹក ក៏បានស្នើដល់ធនាគារពិភពលោក ជួយគាំទ្រគម្រោងពង្រឹងគោលនយោបាយជាតិ និងការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, គម្រោងការជួយស្តារ និងរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ និងការកែលម្អការគ្រប់គ្រងធនធានទឹកជាចម្បងលើដៃទន្លេ និងដីសណ្ដទន្លេមេគង្គ ដើម្បីធានាធនធានទឹក កែលម្អការកាត់បន្ថយទឹកជំនន់ និងស្ដារទន្លេដែលងាយរងគ្រោះផងដែរ។

ដើម្បីអនុវត្តគម្រោងខាងលើនេះ ឱ្យមានប្រសិទ្ធភាព ឯកឧត្តម ថោ ជេដ្ឋា ក៏បានណែនាំនូវក្រុមការងារថ្មីរបស់ក្រសួង ដែលប្រមូលផ្តុំពីនាយកដ្ឋានបច្ចេកទេស និងមានបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោងរបស់ដៃគូអភិវឌ្ឍន៍ និងស្នើឱ្យធនាគារពិភពលោកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារថ្មី និងពង្រឹងសមត្ថភាពមន្រ្តីថ្មីរបស់ក្រសួងសម្រាប់ការអនុវត្តគម្រោងថែមទៀត៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner