ក្រសួងកសិកម្មគ្រោងនឹងចំណាយថវិកា៣០លានដុល្លារ ដើម្បីសាងសង់អគារមន្ទីរពិសោធន៍ជាតិដ៏ធំនិងទំនើបមួយ សម្រាប់ត្រួតពិនិត្យផលិតផលកសិកម្ម
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តួចផ្តើមគំនិតកសាងអគារមន្ទីរពិសោធន៍ជាតិដ៏ធំ និងទំនើបមួយនៅខេត្តកណ្តាលដែលគ្រោងនឹងចំណាយថវិកា៣០ លានដុល្លារ ខណៈបច្ចុប្បន្ន ក្រសួងបានចាប់ផ្តើមកៀរគរជំនួយពីដៃគូអភិវឌ្ឍន៍នានា ដើម្បីសម្រេចគោលដៅសាងសង់អគារឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៦ខាងមុខ។
នៅក្នុងជំនួបជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៦ ខែកញ្ញា ឯកឧត្តម ឌិត ទីណា បានលើកឡើងថា លោកស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យមានភាពប្រសើរឡើង និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «ការងារមន្ទីរពិសោធន៍ជាតិគឺជាផ្នែកចាំបាច់មួយក្នុងការត្រួតពិនិត្យផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងនូវជំងឺឆ្លងផ្សេងៗ។ វាមានសារសំខាន់ និងជាជំហានដែលត្រូវចាប់ផ្តើម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការកៀងគរលទ្ធភាព ដើម្បីសម្រេចការងារនេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ»។
ចំពោះគម្រោងសាងសង់អគារពិសោធន៍ថ្នាក់ជាតិថ្មីនេះដែរ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញាថា គម្រោងកសាងមន្ទីរពិសោធន៍ថ្នាក់ជាតិនេះ ជាការផ្តួចផ្តើមគំនិតដោយផ្ទាល់ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម បន្ទាប់ពីលោកបានចុះទៅពិនិត្យមើលនៅតាមអគ្គនាយកដ្ឋានសំខាន់ៗ និងឃើញមានការស្ថាប័ននីមួយៗមានមន្ទីរពិសោធន៍រៀងខ្លួន ទើបលោកក៏មានបំណងរៀបចំឱ្យមានជា មន្ទីរពិសោធន៍ថ្នាក់ជាតិមួយដែលមានលក្ខណៈស្តង់ដារ ដើម្បីប្រមូលផ្តុំមន្ទីរពិសោធន៍ទាំងនោះ។
កញ្ញា រចនា បានបញ្ជាក់ថា ៖ «ការរៀបចំមន្ទីរពិសោធន៍ថ្នាក់ជាតិនេះ នឹងជួយច្រើន ក្នុងការកាត់បន្ថយការចំណាយផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ពិសោធន៍ ដែលជាទូទៅមានតម្លៃថ្លៃ ដែលជាគោលដៅមួយ។ទីពីរ នៅពេលដែលយើងប្រមូលផ្តុំមន្ទីរពិសោធន៍មកដាក់នៅកន្លែងតែមួយអ្នកវិទ្យាសាស្រ្ត ក៏ដូចជាអ្នកជំនាញ អាចសិក្សារៀនសូត្រ ចែករំលែកបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពគ្នាទៅវិញទៅមក»។
ដូចគ្នានេះដែរ លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពចំណីអាហារថ្នាក់ជាតិនៃអង្គការយូនីដូ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការសាងសង់មន្ទីរពិសោធន៍ថ្នាក់ជាតិនេះ ខណៈដែលលោកអះអាងថា ខាងអង្គការយូនីដូមានគម្រោងនឹងផ្តល់ជំនួយលើផ្នែកបច្ចេកទេសដល់ក្រសួងកសិកម្ម ក្នុងការរៀបចំមន្ទីរពិសោធន៍ដ៏ធំនិងទំនើបមួយនេះ(Central Lab)។
បើតាមលោក ថោង រ៉ា កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្មក៏បានពិភាក្សាជាមួយយូនីដូដែរ លើបញ្ហានេះ ដោយក្រសួងមានគម្រោងនឹងដាក់ឈ្មោះ មន្ទីរពិសោធន៍ថ្នាក់ជាតិនេះថា (Central Lab ) Food Safety Lab ដែលការបង្កើតមន្ទីរពិសោធន៍នេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅក្នុងស្រុក និងសម្រាប់នាំចេញ។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម អគារមន្ទីរពិសោធន៍ជាតិដ៏ធំ និងទំនើបនេះ គ្រោងនឹងសាងសង់នៅលើផ្ទៃដីពីរហិកតា ស្ថិតនៅសង្កាត់សិត្បូរ ក្រុងតាខ្មៅខេត្តកណ្តាល ដោយក្រសួងកសិកម្ម រំពឹងថា មន្ទីរពិសោធន៍ថ្នាក់ជាតិនេះ នឹងក្លាយជាមន្ទីរពិសោធន៍ស្តង់ដារមួយ សាងសង់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលមានការធានានូវសុវត្ថិភាព ទាំងអ្នកដែលបម្រើការងារនៅទីនេះផ្ទាល់ និងគិតគូរដល់សុវត្ថិភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះដែរ។
ដោយឡែក នៅថ្ងៃដដែលនោះដែរ ឯកឧត្តម ឌិត ទីណា ក៏បានជួបប្រជុំពិភាក្សាជាមួយលោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផងដែរ នាទីស្តីការក្រសួងកសិកម្ម។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ដោយផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។
នាកិច្ចប្រជុំនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរពីការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មជនជាតិសូវៀតចំនួនប្រាំបីរូប ដែលបានពលីជីវិតនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣កន្លងទៅ។
ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការសូវៀត នៅខេត្តកំពង់ចាម ដែលជាទីកើតហេតុ ឯ ស្តូបរំឭកវិញ្ញាណក្ខន្ធ នឹងរៀបចំខ្លឹមសារជាពីរភាសា គឺភាសាខ្មែរ និងរុស្ស៊ី ដោយមានឆ្លាក់ឈ្មោះអ្នកជំនាញការសូវៀតទាំងប្រាំបីរូបផងដែរ៕
ដោយ៖វណ្ណ សុជាតា

