ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន បានសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិក​ម្ម និងជនបទ និងគាំទ្រក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់អនុវត្តគម្រោងនានា ដោយឈរលើក្របខណ្ឌសហប្រតិបត្តិការ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ នោះរួមមាន៖ អង្គការស្បៀង និងកសិកម្ម (FAO), អង្គការយូនីសេហ្វ (UNICEF), អ​ង្គការយូនីដូ (UNIDO), អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការសុខភាពពិភពលោក (WHO) ។

ការសន្យាបន្តកិច្ចសហប្រតិបត្តិការ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងប្រាំខាងលើធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈក ម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

យោងតាម​ខ្លឹមសារព័ត៌មាន​របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបាន​ឱ្យដឹងថា ​នៅអំឡុងពេលកិច្ច​ពិ​ភា​ក្សានេះ លោក ចូស៊េប សូឃ័រ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បាន​លើកឡើងថា ក្របខណ្ឌ​សហប្រតិបត្តិការប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ​នៅកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអនុវត្តយុ​ទ្ឋសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបានជោគជ័យ ដើម្បីឈានឆ្ពោះទៅស​ម្រេ​ចឱ្យបានគោលដៅ​អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងដើម្បីកម្ពុជាត្រៀមចាកចេញ ដោយរលូនពីឋានៈជាប្រទេសអ​ភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានោះដែរ តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងប្រាំ ក៏បានលើកឡើងពីការងារសហការប្រតិបត្តិការ ជាមួ​យ​ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ពិសេសលើការងារលើកកម្ពស់ប្រព័ន្ឋស្បៀង និងការកាត់បន្ថយបញ្ហា​អាហារូបត្ថម្ភគ្រប់ទំរង់ ទៅតាមតួនាទី និងភារកិច្ចរបស់អង្គការនី​មួយៗ រួមមាន ការលើកកម្ពស់ប្រព័ន្ធស្បៀង, ការកា​ត់​បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទំរង់ សុវត្ថិភាពចំណីអាហារ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រ និងការរួមចំណែករបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាលើវិស័យជាច្រើន ជាពិសេសសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ឯកឧត្តមបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងសហការ របស់ក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNCT) និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត UNSDCF ជាពិសេសក្នុងដំណាក់កាលសំខាន់នៃការអនុវត្តរបៀបវារៈ ឆ្នាំ ២០៣០សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ នឹងផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់កម្ពុជា ព្រោះវាត្រូវបានបង្កើតឡើងដើម្បី ជួយដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋក្នុងការងើបឡើងវិញពីផលវិបាកធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។

ឯកឧត្តម អ៊ុក រ៉ាប៊ុន ​បញ្ជាក់ថា ៖ «វាក៏នឹងជំរុញវឌ្ឍនភាពដើម្បីឆ្ពោះទៅរករបៀបវារៈនៃ គោលដៅន៍អភិវឌ្ឍប្រកបដោយចីរភា​ព (SDGs) ព្រមទាំងសម្រេចបាននូវទិសដៅប្រកបដោយ មហិច្ឆតារបស់កម្ពុជា ក្នុងការចាកចេញពីឋានៈ ជាប្រទេសអ​ភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។ អង្គការសហប្រជាជាតិ និងកម្ពុជា ដែលមានការស៊ីចង្វាក់គ្នាគួរឱ្យកត់សម្គាល់ រវាងសេចក្តីប្រា​ថ្នានៃការអភិវឌ្ឍដែលមានចែងនៅក្នុង UNSDCF នេះ និងអាទិភាពនៃការអភិវឌ្ឍជាតិ ដែលឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា»។

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា គឺមិនអាចខ្វះ​បានទេ នូវដៃគូអភិវឌ្ឍនានា ជាពិសេសអង្គការសង្គមស៊ីវិលនានា ដូចជា UNICEF, UNIDO, WFP និង WHO នេះ​ជា​ដើម។ដៃគូរអភិវឌ្ឍទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការ​អភិវឌ្ឍន៍​​ប្រទេសកម្ពុជា រាប់ចាប់តាំងពីជំនាន់ទស្សវត្សឆ្នាំ១៩៩៣ ដែលមានអ៊ុនតាក់ (UNTAC) បានចូលមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជា និងអ​ង្គការដទៃទៀត ដែលស្ថិតនៅក្រោមមូលនិធិរបស់អ.ស.ប  បាននិងកំពុងជួយការងារជាច្រើនដល់រាជរដ្ឋាភិបាលកម្ពុជា និងព​លរដ្ឋកម្ពុជា»៕

ដោយ៖វណ្ណ សុជាតា

ads banner