ធនាគារអភិវឌ្ឍន៍អឺរ៉ុបព្យាករណ៍ថា សេដ្ឋកិច្ចរុស្ស៊ីនឹងកើនឡើងនៅឆ្នាំនេះ
ឡុងដ៍៖ ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ (EBRD) នៅថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថា ខ្លួនរំពឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកើនឡើងនៅឆ្នាំ ២០២៣ ដោយសារតែការហក់ឡើងតម្លៃប្រេង។
ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ (EBRD) បានរំពឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងមានកំណើន ១.៥ភាគរយ បន្ទាប់ពីការព្យាករណ៍ពីការធ្លាក់ចុះ ១.៥ភាគរយ នៅក្នុងការប៉ាន់ស្មានដែលបានធ្វើឡើងកាលពីខែឧសភាកន្លងទៅ។
ធនាគារ EBRD បានគូសបញ្ជាក់ថា សម្រាប់ទស្សនវិស័យក្នុងឆ្នាំ ២០២៤វិញ សេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានព្យាករណ៍ថា នឹងមានកំណើនត្រឹម ១ភាគរយប៉ុណ្ណោះ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
ដោយឡែក ធនាគារកណ្តាលរបស់រុស្ស៊ី ក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួននឹងកើនឡើងចន្លោះពី ១.៥ ទៅ ២.៥ភាគរយនៅឆ្នាំ ២០២៣នេះ ហើយនៅចន្លោះពី ០.៥ ទៅ ១.៥ភាគរយក្នុងឆ្នាំ ២០២៤ ខណៈដែលទីក្រុងមូស្គូជួបបញ្ហាកង្វះកម្លាំងពលកម្ម, សម្ពាធទណ្ឌកម្ម និងប្រាក់ចំណូលពីការនាំចេញធ្លាក់ចុះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

