មន្រ្តីយូអិនប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការធ្វើអត្តឃាតអាចកើតមានគ្រប់ទីកន្លែង ក្នុងចំណោមស្រ្តីអាហ្វហ្គានីស្ថាន

អ.ស.ប៖ ប្រមុខស្ត្រីរបស់អង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី២៦ ខែកញ្ញានេះថា ការធ្វើអត្តឃាត និងគំនិតចង់ធ្វើអត្តឃាត គឺមានគ្រប់ទីកន្លែងសម្រាប់ស្ត្រីអាហ្វហ្គានីស្ថាន ខណៈដែលពួកគេកាន់តែឯកោ និងរងការរឹតត្បិតកាន់តែខ្លាំងឡើង ពីសាច់ញាតិបុរសៗដែលទទួលបន្ទុករក្សាក្រឹត្យរបស់ពួកតាលីបង់។

ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចក្នុងឆ្នាំ ២០២១មក រដ្ឋាភិបាលក្រុមនេះ បានប្រើប្រាស់សាសនាឥស្លាម ដើម្បីបំផ្លាញសិទ្ធិស្ត្រី ដោយហាមប្រាមពួកគេទៅសិក្សានៅសាលារៀន, បិទកន្លែងសាធារណៈដូចជាសួនច្បារ និងហាងកែសម្ផស្សដល់ពួកគេ ហើយបដិសេធមិនអនុញ្ញាតឱ្យស្រ្តីចូលធ្វើការផងដែរ។

នាយកប្រតិបត្តិស្រ្តីនៃអង្គការសហប្រជាជាតិ លោកស្រី Sima Bahous បានប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដោយព្រមានថា ស្រ្តីបានក្លាយជាអ្នកទោសរស់នៅក្នុងភាពងងឹត, ការបង្ខាំងក្នុងផ្ទះរបស់ពួកគេដោយគ្មានសង្ឃឹម ឬអនាគត។ ហើយនៅទីបំផុត ក្តីបារម្ភលើសុខភាពផ្លូវចិត្ត ក្នុងចំណោមស្ត្រីអាហ្វហ្គានីស្ថានកំពុងកើនឡើង។

ជាមួយគ្នានេះ លោកស្រី Sima Bahous បានអំពាវនាវឱ្យម្ចាស់ជំនួយស្វែងរកដំណោះស្រាយ ដើម្បីជួយស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ក្រោកឈរប្រឆាំងនឹងការរឹតបន្តឹងទាំងនេះ មិនថាទាំងនៅលើប្រព័ន្ធអ៊ីនធើណិត ឬតាមរយៈជំនួយជាសាច់ប្រាក់ និងអាហារូបករណ៍ ឬក៏ការធ្វើចំណាកស្រុកដោយសុវត្ថិភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner