ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យប្រធានផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិនិត្យមើលបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ហើយរកទីតាំងឱ្យពួកគាត់បានលក់ដូរ និង ការបញ្ចុះតម្លៃទឹក ភ្លើង
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ ពិនិត្យឱ្យម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ជាមួយ និងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល ។
ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានៅជុំវិញនិងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះ គណៈកម្មការផ្សារត្រូវមានភាពស្និតស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធ ។
ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេងបានធ្វើឡើង ក្នុងកិច្ចប្រជុំ ពង្រឹងការងារគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជំរុញឱ្យមានការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥ កាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរពនិងស្រលាញ់ពីប្រជាពលរដ្ឋនិងអាជីវករ ។ បន្ថែមពីនេះត្រូវណែនាំបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ ៕
ដោយ ហេង សម្បត្តិ