កូរ៉េខាងជើងដាក់គោលនយោបាយនុយក្លេអ៊ែរចូលទៅក្នុងរដ្ឋធម្មនុញ្ញ

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រដ្ឋសភារបស់ប្រទេសកូរ៉េខាងជើង បានអនុម័តរបៀបវារៈសំខាន់ នៃការផ្តល់ឋានៈរដ្ឋនុយក្លេអ៊ែរ និងគោលនយោបាយកម្លាំងនុយក្លេអ៊ែរ ចូលទៅក្នុងរដ្ឋធម្មនុញ្ញ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ KCNA បានចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងកិច្ចប្រជុំសម័យប្រជុំសភា ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះថា គោលនយោបាយនៃការកសាងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង បានក្លាយជាផ្នែកមួយនៃច្បាប់មូលដ្ឋានរបស់ប្រទេស។

លោក គីម ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលផ្តល់នូវឥទ្ធិពលនយោបាយដ៏រឹងមាំ ដើម្បីបង្កើនសក្តានុពលការពារជាតិយ៉ាងសំខាន់។ លោក គីម បន្ថែមថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្កើតសម្ព័ន្ធភាពយោធាត្រីកោណ ហើយទីបំផុត លទ្ធផលនឹងលេចចេញនូវ “កំណែទម្រង់អាស៊ីរបស់អង្គការណាតូ” ដែលជាមូលហេតុនៃការកើតមានសង្រ្គាម និងការឈ្លានពាន។

នេះជាការគំរាមកំហែងជាក់ស្តែងដ៏អាក្រក់បំផុត មិនមែនគំរាមកំហែងដោយវោហាសាស្ត្រ ឬការស្រមើលស្រមៃនោះទេ។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានស្ថិតនៅចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយផ្នែកការទូតរវាងប្រទេសទាំងពីរបានជាប់គាំង បន្ទាប់ពីការប៉ុនប៉ងពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងបានទទួលបរាជ័យ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner