សាលារៀនប៉ាគីស្ថានចំនួន ៥៦​០០០កន្លែងត្រូវបានផ្អាក ដោយសារការផ្ទុះឡើងនៃជំងឺឆ្លងមេរោគភ្នែក

អ៊ីស្លាម៉ាបាដ៖ ក្រុមមន្ត្រីប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធទី ២៧ ខែកញ្ញា ម្សិលមិញថា សាលារៀននៅក្នុងប្រទេសប៉ាគីស្ថានប្រមាណជាជាង ៥៦ ០០០ ទីតាំងនឹងត្រូវបិទមិនឱ្យដំណើរការរយៈពេលប៉ុន្មានថ្ងៃនៅក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺឆ្លង​មេរោគ​ភ្នែក។​

សិស្សានុសិស្សរាប់លាននាក់នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងផ្ទះ ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ បន្ទាប់ពីរដ្ឋពូនចាប (Punjab) ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសប៉ាគីស្ថាន បានប្រកាសពីការបិទសាលារៀនទាំងអស់ ក្រោយរកឃើញករណីរលាកភ្នែកចំនួន ៣៥៧ ០០០ នាក់រាប់ចាប់តាំងពីដើមឆ្នាំមក។

ជំងឺឆ្លងមេរោគភ្នែកដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនេះ បានធ្វើឱ្យអ្នកជំងឺមានអាការៈភ្នែកឡើងក្រហម រមាស់ និងហូរទឹករំអិលចេញពីភ្នែក។ ចំណែកឯការចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតវិញ វីរុសនេះអាចឆ្លងតាមរយៈការប៉ះដៃ ក៏ដូចជាការក្អក និងកណ្តាស់ជាដើម។

អ្នកនាំពាក្យនាយកដ្ឋានអប់រំប្រចាំនៅរដ្ឋពូនចាប លោក ហ៊្សូហ្វ៊ីក្វា អាលី (Zulfiqar Ali) បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា «ការប្រកាសបិទសាលារៀននេះ គឺជាវិធានការដ៏សំខាន់មួយដើម្បីផ្តល់ការការពារជាអតិបរមាដល់សិស្សានុសិស្ស ប្រឆាំងនឹងការឆ្លងមេរោគភ្នែកមួយនេះ»។

គួរដឹងដែរថា ខេត្តភាគខាងកើតនៃរដ្ឋពូនចាប មានប្រជាជនរស់នៅចំនួនរហូតដល់ទៅ ១២៧ លាននាក់ និងសាលារៀនរដ្ឋចំនួន ៥៦០០០ កន្លែង ក៏ដូចជាសាលារៀនឯកជនដទៃទៀតរាប់ពាន់ទីតាំងក៏ត្រូវបានប្រកាសឱ្យបិទទ្វារបណ្ដោះអាសន្នផងដែរ។ លោក អាលី បាននិយាយថា «យើងសង្ឃឹមថា វិធានការបិទសាលារៀននេះនឹងអាចជួយកាត់ផ្ដាច់ការឆ្លងជំងឺនេះនៅតាមខេត្ត»។

តាមពិតទៅ សាលារៀនភាគច្រើននៅទូទាំងប្រទេសប៉ាគីស្ថានត្រូវបានផ្អាកដំណើរការរួចទៅហើយចាប់តាំងពីថ្ងៃសុក្រ ដោយសារជាថ្ងៃឈប់សម្រាកសាធារណៈ ប៉ុន្តែជាធម្មតា សាលារៀនជាច្រើននឹងបើកឡើងវិញនៅថ្ងៃចុងសប្តាហ៍ ដើម្បីបង្រៀនថ្នាក់បន្ថែម ឬដើម្បីប្រឡងប្រចាំខែជាដើម។

អាជ្ញាធរនៅរដ្ឋបានឱ្យដឹងថា សិស្សានុសិស្សទាំងអស់នឹងត្រូវបានត្រួតពិនិត្យរកជំងឺឆ្លងមេរោគភ្នែកនៅកន្លែងច្រកទ្វារចូលសាលានីមួយៗ នៅពេលដែលពួកគេបើកសាលារៀនឡើងវិញនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia

56,000 Pakistan schools shut over eye virus outbreak

https://www.channelnewsasia.com/asia/56000-pakistan-schools-shut-over-eye-virus-outbreak-3802951

ads banner