រដ្ឋសភានឹងប្រជុំពេញអង្គដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៩ ខែតុលា
ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ការកំណត់ថ្ងៃប្រជុំនេះ បន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានប្រជុំ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយពីគណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ រួចរាល់តាមនីតិវិធី។
សូមជម្រាបថា កាលពីថ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំដើម្បីពិនិត្យពិភាក្សាលើសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំឱ្យរដ្ឋសភា ធ្វើការពិនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ធ្វើការពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរៀបចំឡើងចំនួន ១១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ព្រះរាជាណាចក្រកម្ពុជា បានបង្កើតជាដំបូងនូវការិយាល័យអាកាសចរណ៍ស៊ីវិល នៅឆ្នាំ១៩៥៥ និងបានចូលជាសមាជិកអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅឆ្នាំ១៩៥៦។ បន្ទាប់ពី វិវត្តខ្លួនជាបន្តបន្ទាប់ ការិយាល័យអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរទៅជាអាជ្ញាធរអាកាសចរណ៍ស៊ីវិល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ ក្រោយមក អាជ្ញាធរអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរឈ្មោះ ទៅជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅឆ្នាំ១៩៩៦ តាមព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។
ដោយទទួលបានការគាំទ្រនិងចង្អុលបង្ហាញផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាកាសចរណ៍ស៊ីវិលកម្ពុជា មានការអភិវឌ្ឍដូចបណ្តាប្រទេសជិតខាងនិងក្នុងតំបន់លើផ្នក ហេដ្ឋារចនាសម្ព័ន្ធនិងការដឹកជញ្ជូនតាមផ្លូវអាកាស ប្រកបដោយសន្តិសុខ សុវត្ថិភាព មានទំនុកចិត្ត ដល់អ្នកធ្វើដំណើរគ្រប់ប្រភេទ និងមានលក្ខណៈសេដ្ឋកិច្ច ជាពិសេសកិច្ចការពារបូរណភាពដែន អាកាសនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាសមាជិកអង្គការ ICAO អាកាសចរណ៍ស៊ីវិលកម្ពុជា ត្រូវភ្ជាប់ខ្លួនទៅនឹងបទដ្ឋានស្តង់ដាអន្តរជាតិ ដែលក្នុងនោះក្នុងក្របខណ្ឌនៃកាតព្វកិច្ចអន្តរជាតិ អង្គការ CAO បានធ្វើសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងបានរកឃើញចំណុច ដែលត្រូវបំពេញបន្ថែមពាក់ព័ន្ធនឹងគោលការណ៍ រចនាសម្ព័ន្ធគ្រប់គ្រង និងការចាត់ចែងការងារ អាកាសចរណ៍ស៊ីវិល។ ជាមួយគ្នានេះ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២).មុនថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមបានកំណត់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានកែសម្រួលនិងដឹកនាំដោយរដ្ឋមន្ត្រីអមដោយរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួន។
តាមសាវតារដែលបានរៀបរាប់ខាងលើនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក កម្ពុជា ស្របតាមស្ថានភាពវិវត្តនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានការរីកចម្រើននិងការ ប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើបនិងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួនក្នុងនាមជាសមាជិកន អង្គការ ICAO។សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរៀបចំឡើង ចំនួន១១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា


