ឯកឧត្តម សុខ លូ ស្នើដល់ទូតសិង្ហបុរី ឲ្យជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងជួយទាក់ទាញអ្នកវិនិយោគិនឲ្យមកខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ នៅក្នុងកិច្ចជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនិងប្រមុខការទូតរបស់ប្រទេសសិង្ហបុរី តាមរយៈលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើដល់ប្រទេសសិង្ហបុរី ធ្វើយ៉ាងណាជួយកៀរគរអ្នកវិនិយោគិនរបស់សិង្ហបុរីឲ្យមកកាន់ខេត្តបាត់ដំបង និងពិនិត្យនូវលទ្ធភាពក្នុងការជួយបណ្ដុះបណ្ដាលនូវធនធានមនុស្ស ជាពិសេសមន្រ្តីរបស់សាលាខេត្តផ្ទាល់ដែលជាតម្រូវកាចាំបាច់ចំពោះមុខ។

ឯកឧត្តម បន្ថែមទៀតថា៖ ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា”ខេត្តប៉ូលសេដ្ឋកិច្ចទី៤” នៃប្រទេសកម្ពុជា ហើយក៏ជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ផងដែរ។ដោយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ក៏កំពុងតែចាប់ផ្ដើមល្អប្រសើរច្រើន និងមានផ្លូវអាស៊ានហាយវេដែលបានតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យ និងមានផ្លូវរថភ្លើងឆ្លងកាត់ទៀតផង។ ហើយនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបងផងដែរ។ ប្រសិនបើ ផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបងលេចចេញជារូបរាងហើយនោះ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងអាចមកកម្សាន្ត ខេត្តបាត់ដំបងបានកាន់តែច្រើនឡើងៗថែមទៀត ក្នុងនោះខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ…។

លោកជំទាវ Teo Lay Cheng បានស្ងើចសរសើរខេត្តបាត់ដំបង គឺពិតជាមានការទាក់ទាញយ៉ាងខ្លាំង ជាពិសេសចំពោះសម្រស់អគារបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង ហើយថែមទាំងបានជួយរំលេចលើកសម្រស់ទីក្រុងបាត់ដំបង ឱ្យកាន់តែមានភាពទាក់ទាញនិងការចាប់អារម្មណ៍មួយកម្រិតបន្ថែមទៀត ។

លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី និងក្រុមការងាររបស់ខ្លួន នឹងបន្តទស្សនកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ ក្នុងទីរួមខេត្តបាត់ដំបង និងដើម្បីស្វែងយល់បន្ថែម អំពីសង្វាក់ផលិតកម្មស្រូវ-អង្ករ នៅក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការសិក្សា និងចងក្រង ជាឯកសារដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំប្រទេសសិង្ហបុរីនិងដើម្បីពិនិត្យលទ្ធភាពក្នុងការនាំចូលស្រូវអង្ករ ពីកម្ពុជា ទៅកាន់ប្រទេសរបស់ខ្លួន ៕

អ៊ុក សំអាន បប

ads banner