កម្ពុជាអំពាវនាវឱ្យមានការពង្រឹងការតភ្ជាប់ធុរកិច្ចក្នុងតំបន់អាស៊ាននិងស្នើឱ្យដៃគូស្វែងរកលទ្ធភាពធុរកិច្ចនៅកម្ពុជា
ភ្នំពេញ៖កម្ពុជាបានអំពាវនាវឱ្យមានការពង្រឹងការតភ្ជាប់ធុរកិច្ចក្នុងតំបន់អាស៊ាន ចូលរួមដោះស្រាយបញ្ហាប្រឈមពីរង្វង់សមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីសម្រេចការនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក និងសម្រេចកំណើនសេដ្ឋកិច្ចតំបន់ ជាពិសេសអនុតំបន់មេគង្គ។បន្ថែមពីនេះ កម្ពុជាក៏អំពាវនាវឱ្យដៃគូស្វែងរកលទ្ធភាពធ្វើធុរកិច្ចនៅកម្ពុជាដែលកំពុងមានអំណោយផល។
ការអំពាវនាវដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជានិងពិធីប្រកាសជាផ្លូវការនូវសៀវភៅស ឆ្នាំ២០២៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន។
បន្ថែមពីនេះ ក៏មានវត្តមានចូលរួមពីឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកជំនាញ និងធុរជនមកពីបណ្តាប្រទេសអាស៊ាន អឺរ៉ុប និងតំបន់មេគង្គ។ នេះបើយោងតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងក្នុងកិច្ចប្រជុំថា តំបន់មេគង្គជាតំបន់មានសក្តានុពល និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយប្រទេសនិមួយៗមានវប្បធម៌ស្រដៀងគ្នា មានមិត្តភាពរឹងមាំ និងសក្តានុពលដោយមានធនធាននិងរចនាសម្ព័ន្ធឧស្សាហកម្មហើយសមត្ថភាពបំពេញគ្នាទៅវិញទៅមក។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការតភ្ជាប់ផ្នែកធុរកិច្ចក្នុងតំបន់ដែលផ្តើមចេញពីតំបន់មេគង្គដែលមានប្រទេសចំនួន៤ កម្ពុជា វៀតណាម ឡាវ និងថៃ ទៅកាន់តំបន់អាស៊ាន ដែលសង្កត់ធ្ងន់ទៅលើការធ្វើសមាហរណកម្មអាស៊ាន។
អ្នកឧកញ៉ាបញ្ជាក់ថា ក្រៅពីនេះ ភាគីកម្ពុជាក៏ឆ្លៀតស្នើដល់បណ្តាប្រទេសអាស៊ាន អឺរ៉ុប និងអនុតំបន់មេគង្គជាពិសេស ស្វែងរកលទ្ធភាពធ្វើធុរកិច្ចនៅកម្ពុជា តួយ៉ាងបង្កើតរោងចក្រ និងនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក ក្រោមយន្តការកិច្ចព្រមព្រៀងសេរីនានា ដែលកម្ពុជាមាន ខណៈកម្ពុជាមានវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាប់ចំណាត់លេខ១ នៅទូទាំងពិភពលោក ជាវេទិកាដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យឯកជន។
អ្នកឧកញ៉ាបន្តថា៖«យើងឥឡូវធ្វើតែ ៤ប្រទេសសិន តែតទៅមុខទៀតយើងបន្តធ្វើបន្ថែមជាមួយបណ្តាប្រទេសសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះជាការបោះជំហានក្នុងពង្រីកនិងការតភ្ជាប់សេដ្ឋកិច្ច សម្រាប់ទីផ្សារពិភពលោក ដោយសារអាស៊ានមានសក្តានុពលសេដ្ឋកិច្ចធំក្នុងលោក»។
អ្នកឧកញ៉ា លឹម ហេង បានបង្ហាញសុទិដ្ឋនិយមខ្ពស់ចំពោះការតភ្ជាប់គ្នាក្នុងតំបន់អាស៊ានជាមួយដៃគូ ខណៈសហគមន៍អាស៊ានកំពុងមានសក្តានុពលសេដ្ឋកិច្ច បូករួមជាដៃគូក្នុងកិច្ចព្រមព្រៀងជាទីផ្សារធំជាងគេក្នុងពិភពលោក។ ជាពិសេសការតភ្ជាប់ក្នុងចំណោមប្រទេសនៃកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលមានប្រទេសអាស៊ាន១០ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង ណូវែលហ្សេឡង់៕ ប្រែសម្រួល៖ សំបាន ច័ន្ទដារ៉ា