បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការអប់រំឌីជីថលគឺជាយុទ្ធសាស្រ្តគន្លឹះមួយ ដើម្បីជំរុញការធ្វើបរិវត្តកម្មនៃប្រព័ន្ធអប់រំ

អត្ថបទដោយ៖
CPA

កំពង់ចាម៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំឌីជីថលគឺជាយុទ្ធសាស្រ្តគន្លឹះមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីជំរុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ ដោយសារការអប់រំឌីជីថល បានផ្លាស់ប្តូររបៀបរៀនរបស់សិស្ស និងរបៀបបង្រៀនរបស់គ្រូ ព្រមទាំងរបៀបគ្រប់គ្រងរបស់នាយកសាលា ដើម្បីធានានិរន្តភាពនៃការសិក្សា។

ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាស្ដីអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនទៀត កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងថា ៖«ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធព័ត៌មានឌីជីថលដូចជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយសៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធតាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម »។

លោកបានអះអាងដែរថា ការអប់រំឌីជីថល ក៏បានរួមចំណែកដល់ការកាត់បន្ថយវិសមភាព ក្នុងការទទួលបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងធានាឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាផងដែរ។

លោកឱ្យដឹងថា ក្រសួងបានសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ចាប់ពីឆ្នាំ២០២០ និងមកដល់ពេលនេះ មានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ SIS នេះ។
លោកថា៖«ប្រព័ន្ធនេះបានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជាមុខងារការគ្រប់គ្រងព័ត៌មានសាលារៀន ការសិក្សាតាមអេឡេចត្រូនិច ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត»។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងមន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានសម្តែងការគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀន SIS នេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀននេះ ជាអត្ថប្រយោជន៍លើការគ្រប់គ្រងសាលារៀន ការរៀន និងបង្រៀន និងទំនាក់ទំនងជាមួយមាតាបិតាសិស្ស ។

លោក គួច ម៉េងលី ស្ថាបនិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានយល់ស្របថា ការអប់រំឌីជីថលគឺជាយុទ្ធសាស្រ្តគន្លឹះមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីជំរុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ នៅកម្ពុជាឱ្យកាន់តែប្រសើជាងនេះទៅទៀត ។ លោកថា៖«ការអប់រំបែបឌីជីថលនេះគឺធ្វើបានយ៉ាងទូលំទូលាយនៅបណ្តាប្រទេសមួយចំនួនរួចហើយ សូម្បីតែប្រទេសជិតខាងរបស់យើង ។ ចង់ឬមិនចង់កម្ពុជារបស់យើងគួរតែគិតគូពីគោលនយោបាយអប់រំមួយនេះឱ្យបានឆាប់ដើម្បីតាមឱ្យទាន់ប្រទេសទាំងនេះផងដែរ » ។

លោកបន្ថែមថា ការអប់រំឌីជីថលគឺមានភាពស្ទុះឡើងនៅក្នុងវិស័យអប់រំនៅកម្ពុជាគឺអំឡុងពេលដែលប្រទេសកម្ពុជាទទួលរងនូវការរីករាលដាលមេរោគកូវីដ១៩ ដែលកាលនុះសាលាទូទាំងប្រទេសត្រូវបានបិទទ្វារ ហើយសិស្សានុសិស្សទាំងអស់ត្រូវបានបន្តការសិក្សារបស់ពួកគេតាមបណ្តាញអ៊ីនធឺណិតវិញ ។
លោកបន្ថែមថា ក៏ប៉ុន្តែការអប់រំបែបឌីជីថលនេះគឺជួបបញ្ហាប្រឈមមួយចំនួនជាពិសេសសាលាដែលនៅតំបន់ដាច់ស្រយាល ដែលសិស្សានុសិស្ស អាណាព្យាបាលពុំទាន់យល់ជ្រាបនៅឡើយទេអំពីការអប់រំបែបឌីជីថលនេះ ។

លោក គួច ម៉េងលី បញ្ជាក់ថា៖« ការអប់រំឌីជីថលវាទាមទារឱ្យសិស្សានុសិស្សយល់ឱ្យបានទូលំទូលាយផ្នែកបច្ចេកវិទ្យា និងអ៊ីនធឺណិត។ ការអប់រំឌីជីថលគឺជាគោលនយោបាយមួយល្អណាស់សម្រាប់វិស័យអប់រំនៅពេលអនាគត៕ ដោយ៖ វង្ស ដារាវ៉ាឌី

ads banner