មន្រ្តីប្រឆាំងការជួញដូរមនុស្ស៖ ការរំលោភបំពាននិងកេញប្រវ័ញ្ចផ្លូវភេទកុមារជាអំពើអត់ឱនឱ្យមិនបានទោះក្នុងរូបភាពណាក៏ដោយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពន់នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាសកម្មភាពដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថាអំពើនេះ ធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគតផងដែរ។

នេះការលើកឡើងរបស់ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អំឡុងពេលបើកវគ្គបណ្តុះបណ្តាលសេវាគាំទ្រកុមាររងគ្រោះនៃការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ជូនដល់មន្ត្រីជួរមុខប្រមាណ ៥៦នាក់ ដែលមកពីមន្ទីរសង្គមកិច្ចខេត្ត ក្រុង និងស្រុកចំនួន៥ ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៧ខែកញ្ញា។
វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយអាជ្ញាធរខេត្តកណ្តាល និង អង្គការ APLE ដើម្បីផ្តល់ចំណេះដឹងដល់មន្រ្តីជួរមុខ យកចំណេះដឹងនេះទៅផ្សព្វផ្សាយជូនកុមារ និងពលរដ្ឋនៅតាមមូលដ្ឋាន។ នេះបើតាមរដ្ឋបាលខេត្តកណ្តាល។

លោកស្រី ហ៊ុន កុសនី បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាបញ្ហាសកល ដែលបង្កផលវិបាកធ្ងន់ធ្ងរ មិនត្រឹមតែប៉ះពាល់ស្ទើរពេញមួយជីវិត នៃជនរងគ្រោះនោះទេ
ប៉ុន្តែដល់សង្គមជាតិទាំងមូលទៀតផង។ លោកស្រីបញ្ជាក់ថា៖ «វគ្គនេះគឺមានសារៈសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ការយល់ដឹងបន្ថែមអំពីហានិភ័យ ដែលអាចកើតមានឡើងចំពោះកុមារ ដូចជាការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញជាដើម។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅផ្សព្វផ្សាយបន្តជូនកុមារ គ្រួសារប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់»។

លោកស្រីសង្កត់ធ្ងន់ថា ស្រី្ត និងកុមារនៅតែជាបញ្ហាអាទិភាព ដែលក្រុមការងារកិច្ចការពារកុមារខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងគាំទ្រ ថ្វីបើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពកិច្ចការពារកុមារនៅខេត្តកណ្តាលមានភាពល្អប្រសើរជាងមុនក៏ដោយ ប៉ុន្តែនៅតែមានកុមារមួយចំនួន ប្រឈមនឹងបញ្ហាផ្សេងៗនៅឡើយ។ លោកស្រីបន្ថែមថា ដើម្បីឆ្លើយតប និងចូលរួមដោះស្រាយពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺត្រូវប្តេជ្ញាចិត្តរួមគ្នាខិតខំផ្សព្វផ្សាយលើកកម្ពស់បង្កើនការយល់ដឹង និងបង្ការទប់ស្កាត់ និងការឆ្លើយតបលើគ្រប់ទម្រង់នៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារក្នុងខេត្តនេះ។

យោងតាមរបាយការណ៍ថ្មីមួយដែលមានឈ្មោះថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា (Disrupting Harm in Cambodia) ដែលចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ បានរកឃើញថា ១៦%នៃកុមារត្រូវបានទទួលរងការបញ្ចេញមតិទាក់ទងនឹងផ្លូវភេទរបស់ពួកគេ ដែលកើតឡើងជាចម្បង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ១៦%ទៀតនៃកុមារត្រូវបានផ្ញើសាររូបភាពផ្លូវភេទ និង៩%នៃកុមារទទួលបានការស្នើសុំចែករំលែករូបភាពផ្លូវភេទរបស់កុមារទាំងនោះ។

ដោយឡែកនៅថ្ងៃទី ២៨ ខែកញ្ញានេះ អាជ្ញាធរខេត្តកណ្តាល បានបន្តចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣០០នាក់ នៅឃុំព្រែកថ្មី ស្រុកកោះធំផងដែរ៕ ដោយ៖ ជា សុខនី

ads banner