រយៈពេលបួនឆ្នាំ អ្នករស់នៅជនបទចំនួន៣៥ម៉ឺនគ្រួសារ ប្រកាសឈប់បន្ទោបង់ពាសវាសពាសកាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងរយៈពេលបួនឆ្នាំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២៣ តាមរយៈគម្រោង លើកកម្ពស់អនាម័យជនបទនៅកម្ពុជា មានភូមិចំនួន ១,៧៨០ បានប្រកាសឈប់បន្ទោបង់ពាសវាលពាសកាល ប្រកបដោយជោគជ័យ ដែលក្នុងនោះមានប្រជាជនប្រមាណ ៣៥ម៉ឺនគ្រួសារ មានលទ្ធភាពទទួលបានអនាម័យល្អ និងកាត់បន្ថយជំងឺដំកាត់ផ្សេងៗ ដែលឆ្លងតាមរយៈកង្វះអនាម័យ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មូលនិធិគ្រួសារស្តូន (Stone Family Foundation) អង្គការ អាយឌីស៊ី (iDE) ដែលបានប្រារព្ធពិធីអបអរសាទរសមិទ្ធផល និងភាពជោគជ័យនៃកម្មវិធី លើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) ដែលជាកម្មវិធីដំបូងបំផុតក្នុងពិភពលោកលើវិស័យ ទឹកស្អាត និងអនាម័យ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីប្រកាសបញ្ជាក់ថា គម្រោងដែលមានរយៈពេលបួនឆ្នាំគឺ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) បានខិតខំប្រឹងប្រែងដើម្បី បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជននៅជនបទក្នុងខេត្តចំនួនប្រាំមួយរួមមាន ខេត្តស្វាយរៀង កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប និងខេត្តឧត្តរមានជ័យ។

ប្រភពដដែលបញ្ជាក់ថា ក្នុងការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា មូលនិធិ គ្រួសារស្តូនជាអ្នកវិនិយោគដែលផ្តល់មូលនិធិដល់អង្គការ iDE ជាមុនសម្រាប់ការអនុវត្តកម្មវិធី នេះក្នុងការផ្គត់ផ្គង់សម្ភារអនាម័យ (បង្គន់) ដែលមានគុណភាពល្អ និងតម្លៃសមរម្យដល់រាប់ ពាន់គ្រួសារនៅជនបទអាចឱ្យមានលទ្ធភាពទិញសម្ភារអនាម័យនោះបាន»។ សរុប USAID បានផ្ដល់មូលនិធិក្នុងការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យ ជនបទនៅកម្ពុជាមានចំនួនជិត ១០លានដុល្លារអាមេរិក។

នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំប្រទេសកម្ពុជា លោកស្រី Kerry Petzman មានប្រសាសន៍ថា វិធីសាស្ត្រថ្មីនៃការផ្តល់មូលនិធិដោយផ្អែកលើ លទ្ធផលដើម្បីធ្វើឱ្យប្រសើរឡើងលើវិស័យអនាម័យជនបទនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅឆ្នាំ២០២៥។ លោកស្រីបន្តថា៖«កម្មវិធីលើកកម្ពស់អនាម័យ ជនបទនៅកម្ពុជាដែលជាកម្មវិធីដំបូងបំផុតរបស់ USAID លើវិស័យអនាម័យ គឺជាយន្តការមួយ ប្រកបដោយនវានុវត្តភាពក្នុងកិច្ចសហការ និងស្វែងរកដំណោះស្រាយជាមួយបណ្ដាអ្នកពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនក្នុងស្រុក ដើម្បីសម្រេចបាននូវលទ្ធ ផលនៃការអភិវឌ្ឍដ៏ប្រសើរនេះ»។

លោក John Stone ស្ថាបនិក និងជាប្រធានមូលនិធិគ្រួសារស្តូនមានប្រសាសន៍ថា មូលនិធិរបស់យើងបានត្រៀមខ្លួនរួចជាស្រេចហើយចំពោះហានិភ័យនៃភាពបរាជ័យ ដែលអាចកើតឡើង ហើយ USAID យល់ព្រមផ្ដល់មូលនិធិសម្រាប់ភាពជោគជ័យនេះ។ តាមរយៈកម្មវិធីលើក កម្ពស់អនាម័យជនបទនៅកម្ពុជានេះ យើងបានបង្ហាញពីរបៀបផ្តល់មូលនិធិពីម្ចាស់ជំនួយទៅឱ្យអ្នកវិនិយោគលើសមិទ្ធផល។
លោកថា៖«នេះជា ជោគជ័យដ៏អស្ចារ្យមួយ! ភាពជាដៃគូជាមួយ iDE បានឱ្យយើងសម្រេចបាននូវលទ្ធផលដ៏ប្រសើរដោយបានផ្ដល់ឱ្យប្រជាជនប្រមាណ ១ លាន ៧សែននាក់នៅក្នុងប្រទេសកម្ពុជា ទទួលបាននូវអនាម័យល្អ។ការឈានដល់ការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល នៅក្នុងសហគមន៍ទាំងនេះគិតរាប់ចាប់តាំងពីគម្រោងដែលបានចាប់ផ្តើមពីឆ្នាំ ២០១១ ដែលកាលនោះចំនួនគ្រួសារនៅជនបទមាន ចំនួនតិចតួចប៉ុណ្ណោះដែលមានបង្គន់អនាម័យប្រើប្រាស់»។

ចំណែកលោកស្រី LlzzWelch នាយិកាប្រតិបត្តិនៃ អង្គការ IDE បានលើកឡើងថា វាជាការរត់ ប្រណាំងដ៏អស្ចារ្យមួយ ប៉ុន្តែយើងបានដឹងច្បាស់ថា ដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល យើងត្រូវការកម្លាំងជំរុញពិសេសមួយ ដើម្បីអាចឈានទៅដល់ទី។ លោកស្រីថា៖«កម្មវិធីលើកកម្ពស់
អ នាម័យជនបទនៅកម្ពុជា (DIB) គឺជាអ្វីដែលយើងត្រូវការ ការផ្តល់ហិរញ្ញប្បទានដែលអាចបត់ បែនបាន ហើយវាមិនអាស្រ័យទៅលើរបៀបដែលយើងធ្វើការនោះទេ ប៉ុន្តែវាអាស្រ័យទៅលើលទ្ធផលដែលយើងសម្រេចបាន»។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ ផ្នែកទឹកនិងអនាម័យប្រចាំខេត្តស្វាយរៀងមានប្រសាសន៍ថា ដំណើរឆ្ពោះទៅកាន់ខេត្តដែលប្រកាសឈប់បន្ទោរបង់ពាសវាលពាសកាលដំបូងគេបំផុតនៃខេត្តស្វាយរៀង គឺជាឧទាហរណ៍ អំពីអំណាចនៃការសហការគ្នា ការប្តេជ្ញាចិត្តការចែករំលែកទំនួលខុសត្រូវរវាងស្ថាប័នសាធារណៈនិងដៃគូអភិវឌ្ឍន៍នានា។
លោកថា៖« ដោយបានកំណត់អាទិភាពលើលទ្ធភាពទទួលបានទឹកស្អាត ប្រើប្រាស់ និងអនាម័យប្រសើរ យើងមិនត្រឹមតែសម្រេចបានគោលដៅជាតិនោះទេ យើងថែមទាំងបានផ្លាស់ប្តូរនូវផ្នត់គំនិតសហគមន៍ជនបទទៀតផង។

លោកបញ្ជាក់ថា កិច្ចសហការនៅគ្រប់កម្រិត បានជំរុញការផ្លាស់ប្តូរឥរិយាបថអនាម័យបីយ៉ាងដ៏សំខាន់គឺប្រើប្រាស់បង្គន់អនាម័យជាប្រចាំ បរិភោគទឹកស្អាត និងលាងដៃជាមួយសាប៊ូជានិច្ច ដែលភាពជោគជ័យនេះ នឹងជាឧទាហរណ៍គំរូ នៃការផ្លាស់ប្ដូរកើតចេញពីការចែករំលែកទំនួលខុសត្រូវដើម្បីធានាបាននូវសុខុមាលភាពនៅក្នុងសង្គមជាតិយើង៕ ដោយ៖ សុខ រក្សា

ads banner