នាយករដ្ឋមន្ត្រីថៃ ធានាអះអាងចំពោះសម្តេចតេជោ ហ៊ុន សែន ថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ បានធានាអះអាងចំពោះសម្តេចតេជោ ហ៊ុន សែន ថា រដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ហើយបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ។ ការធានាអះអាងរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ បានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម នៅវិមាន៧មករា នារសៀលថ្ងៃទី២៨កញ្ញា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សន កិច្ច ក្រៅប្រទេសលើកដំបូងមកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោបានអបអរសាទរ ជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិ បាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានបង្ហាញនូវលក្ខណៈពិសេស នៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ឆ្លើយតបថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបសំដែងការគួរសម សម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលឯកឧត្តមសូមវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច ហើយឯកឧត្តមក៏បាន រៀបរាប់ពីលទ្ធផលនៃការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះពលករកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយឯកឧត្តមបានធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចរចាទ្វេភាគីរវាងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោក៏បានអធិប្បាយត្រួសៗ អំពីការសម្រេចចិត្តរបស់សម្តេចក្នុងការផ្ទេរអំណាច ទៅឲ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមទ្ធិផលដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត។

សម្តេចតេជោក៏បានរំលឹកឡើងវិញ ពីការខិតខំរបស់សម្តេច និងឥស្សរ ជនកម្ពុជា ក្នុងការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំកន្លងមក។ សម្តេចបានបង្ហាញនូវគោលដៅពីរ ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម គឺទី១ ប្រែក្លាយតំបន់សមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២ ប្រែក្លាយព្រំដែនប្រកបដោយការ ភ័យខ្លាចសង្គ្រាមឲ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្តេចតេជោបន្តថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អ ជា មួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខាង មានទំនាក់ ទំនងពាណិជ្ជកម្មឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវនិងវៀតណាមផងដែរ។
សម្តេចបានមានប្រសាសន៍បន្ថែមថា ប្រទេសជាប់ភូមិផងរបង ជាមួយគ្នា ត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធ ក្នុងការជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹក ជំនន់ និងការជួយគ្នាទៅវិញទៅវិញទៅមកជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែនសម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចេញចូលដើម្បី ធ្វើពាណិជ្ជ កម្ម ក៏ដូចជាការទៅព្យាបាលជំងឺ។ល។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងថា ឯកឧត្តមបានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានថ្លែងនូវការកោតសរសើរជូនចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត ។
បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូ នៅវិមាន៧មករា រាជធានីភ្នំពេញ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ