អគ្គនាយកដ្ឋានពន្ធដាលើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធលើអចលនទ្រព្យ និងពន្ធដីធ្លីមិនបានប្រើប្រាស់រហូតដល់ចុងឆ្នាំ២០២៣ (Video Inside)
អគ្គនាយកដ្ឋានពន្ធដាបានប្រកាសលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣។
ការប្រកាសនេះ បានធ្វើឡើងនៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣ ខណៈដែលរឿងចំរូងចំរាស់បញ្ហាពន្ធដា បានរងការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដាបានប្រកាសថា «អ្នកណាដែលមិនទាន់បានចុះបញ្ជី និងការប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសម្រេចផ្តល់ការអនុគ្រោះឱ្យម្ចាស់អចលនទ្រព្យ បង់តែពន្ធដោយផ្តល់ការលើកលែង នូវទណ្ឌកម្មរដ្ឋបាល» រហូតដល់ដំណាច់ឆ្នាំ២០២៣។ ទណ្ឌកម្មរដ្ឋបាលដែលលើកលែង គឺសម្តៅលើការមិនយក «ពន្ធបន្ថែម» និងមិនយក «ការប្រាក់»។
ទោះជាយ៉ាងណាក៏ដោយ, អគ្គនាយកដ្ឋានពន្ធដាបានអំពាវនាវ និងអញ្ជើញដល់ម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាស «បង់ពន្ធលើអចលនទ្រព្យ» និង «ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។
សេចក្តីជូនដំណឹងដដែលបានព្រមានថា ចាប់ពីឆ្នាំ២០២៤តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំង២នេះ តាមកាលបរិច្ឆេទ្ធនោះទេ, គេនឹងត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។