ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ភាពស្របច្បាប់ នៃការបង្កើតក្រសួងអធិការកិច្ច និងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)
ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់ដ៏កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនពិតជាបានស្របនឹងរដ្ឋធម្មនុញ្ញ។
សេចក្តីព្រាងច្បាប់ទាំង២ ត្រូវរដ្ឋសភាអនុម័តនៅថ្ងៃទី១៤កញ្ញា និងក្រោយមកត្រូវព្រឹទ្ធសភា បានឯកភាពទាំងស្រុងនៅថ្ងៃទី២១កញ្ញា។
ការប្រកាសធម្មនុញ្ញភាពលើសេចក្តីព្រាងច្បាប់ទាំង២នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោយអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣។
ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែនរវាងប្រទេស ដែលជាប់នឹងកម្ពុជា រួមមានវៀតណាម, ឡាវ និងថៃ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន «ត្រូវបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ»។