ថៃនឹងចាក់បញ្ចូលថវិកាប្រមាណ ១៥,២ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ច តាមរយៈផែនការកាបូបឌីជីថល

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី២ ខែតុលានេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងចាក់បញ្ចូលថវិកាប្រមាណ ៥៦០ពាន់លានបាត ឬប្រហែល ១៥.២៣ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចនៅឆ្នាំក្រោយ តាមរយៈគោលនយោបាយកាបូបឌីជីថល។

ផែនការចាក់បញ្ចូលថវិកាប្រមាណ ១៥.២៣ពាន់ដុល្លារទៅក្នុងសេដ្ឋកិច្ចនៅឆ្នាំក្រោយ គឺជាគោលនយោបាយរបស់គណបក្សភឿថៃរបស់លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ដោយប្រជាពលរដ្ឋម្នាក់ៗដែលមានអាយុលើសពី ១៦ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០,០០០បាតក្នុងទម្រង់ជាលុយឌីជីថលសម្រាប់ប្រើប្រាស់ក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។

នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់ទៅកាន់មន្ត្រីរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា លោកកំពុងស្វែងរកការទាក់ទាញវិនិយោគិន នៅក្នុងផ្នែកថាមពលបៃតង និងចេញប័ណ្ណបំណុលនិរន្តរភាពចំនួន ៣០ពាន់លានបាត។

នាយករដ្ឋមន្រ្តីថៃរូបនេះបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលនឹងបន្តកិច្ចសន្យាពាណិជ្ជកម្មសេរីជាបន្តបន្ទាប់ ហើយថា រដ្ឋាភិបាលនឹងកាត់បន្ថយតម្លៃអគ្គិសនីបន្ថែមទៀត ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់កសិករបីដងក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀត៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ads banner