សិស្ស គ្រូ និងអាជ្ញាធររួមគ្នាកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក

ខេត្តកំពង់ឆ្នាំង៖ បង្ហាញការយល់ដឹងពីផលប៉ះពាល់កើតចេញពីការ ប្រើប្រាស់ប្លាស្ទិក ក៏ដូចជាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថានក្រុមសិស្ស គ្រូ និងអាជ្ញាធរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមកាត់បន្ថយ ប្រើប្រាស់ប្លាស្ទិក ក៏ដូចជាការចូលរួមលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការលើកកម្ពស់តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណ្ឌភាពទីក្រុង និងសុខភាពសាធារណៈ។

ក្នុងពិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងគេឃើញមានការចូលរួមពីសំណាក់ លោកជំទាវ ងិនលីណា រដ្ឋលេខាក្រសួងបរិស្ថាន នា វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣សិស្សានុសិស្សជាច្រើននាក់បានបញ្ជាក់ពីការយល់ដឹងផលលំបាកកើតចេញពីប្លាស្ទិក ។ដោយឡែកលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចូលរួមទប់ស្កាត់ការ ប្រើប្រាស់ប្លាស្ទិក ពិសេសនោះគឺការបំផុសចលនាឱ្យ សិស្សា នុសិស្សក៏ដូចជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
យុវតី នឹម សេរី សីលា រៀននៅ វិទ្យាល័យ ព្រែកតាទែន ឃុំ ព្រែក តាទែន ស្រុក ពញាឮ ខេត្ត កណ្ដាល ដែលបាន ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិកនេះដែរឱ្យដឹងថា៖សិស្សានុសិស្សគប្បីចេះផ្លាស់ប្តូរទម្លាប់ដែលកាលពីមុនប្រើថង់ប្លាស្ទិកត្រូវងាកមកប្រើកញ្ចប់បាយឬដបទឹកដែលធ្វើពីអាលុយមីញូម ឬកែវធ្វើពីអ្វីមួយដែលមិនមែនជាសារជាតិប្លាស្ទិក។យើងត្រូវរួមគ្នាផ្លាស់ប្តូរទម្លាប់មួយនេះ ពីព្រោះថាមិនត្រឹមតែចូលរួមជួយដល់បរិស្ថានប្រទេសកម្ពុជាទេនៅជួយដល់បរិស្ថានពិភពលោកថែមទៀត។

យុវតី ផុន ស្រីនីន រៀននៅវិទ្យាល័យព្រែកតាទែន នេះដូចគ្នាបានឱ្យដឹងថា៖យើងម្នាក់ៗចាំបាច់ចូលរួម ក៏ដូចជាប្តេជ្ញាចិត្តឈប់ប្រើប្លាស្ទិកពីព្រោះថាប្លាស្ទិកបានបង្កបំពុលដល់ ដី ទឹក ហើយវានឹងគ្រោះថ្នាក់ដល់សុខភាពមនុស្សសត្វ។ជាមួយគ្នាយើងក៏ត្រូវបដិសេធចំពោះការទទួលប្លាស្ទិក ការធ្វើបានដូច្នេះនោះយើងនឹងទទួលជោគជ័យពីការកាត់បន្ថយប្រើប្រាស់បា្លស្ទិកនៅកម្ពុជានាថ្ងៃខាងមុខពុំខាន។

លោក នី ម៉ៅ នាយកសាលាវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ឱ្យដឹងថា៖យុទ្ធនាការកាត់បន្ថយបា្លស្ទិកពិតជាផ្តល់ផលប្រយោជន៍យ៉ាងច្រើនចំពោះពលរដ្ឋ និងពិសេសនោះគឺកូនសិស្សដើម្បីឱ្យពួកគាត់យល់ដឹងពីបញ្ហាបរិស្ថាន និងផលប៉ះពាល់កើតចេញពីប្លាស្ទិក។
លោកនាយកបានបញ្ជាក់បន្ថែមថា៖តទៅនៅពេលកូនសិស្សបានយល់ដឹងផលប៉ះពាល់ដែលកើតចេញពីប្លាស្ទិកហើយ សាលានឹងអប់រំផ្សព្វផ្សាយមិនឱ្យប្រើប្រាស់ថង់ប្លាស្ទិកក្នុងសាលាបន្តទៀតឡើយ។

អ្នកស្រី ណុំ ចន្ធា ជាមន្រ្តីរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានចាត់ទុកថា៖យុទ្ធនាការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ជាកម្មវិធីមួយដ៏ល្អដើម្បីយើងរួបរួមគ្នាក្នុងការបញ្ឈប់ប្រើប្រាស់ប្លាស្ទិកដែលត្រូវបានគេចាត់ទុកថាគ្រោះថ្នាក់មួយមិនអាចមើលរំលងបាន។ជាមួយគ្នាអាជ្ញាធរមូលដ្ឋាននឹងធ្វើការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់កើតចេញពីការប្រើប្រាស់សារជាតិប្លាស្ទិក ដើម្បីរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖គិតមកដល់ត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ មានសិស្សានុសិស្ស ចំនួនជាង១លាននាក់ ដែលមកពីសាលាជាង៩.០០០ សាលា នៅទូទាំងរាជធានី ខេត្តចំនួន ២០ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ៕
អត្ថបទ៖ ជិន ម៉ាដេប៉ូ
រូបភាព៖លោក គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner