វៀតណាមបញ្ជាក់ពីការចាប់ខ្លួនប្រធានវិទ្យាស្ថានស្រាវជ្រាវផ្នែកថាមពលម្នាក់ ដែលធ្វើការលើបញ្ហាបរិស្ថាន
ហាណូយ៖ ប្រទេសវៀតណាមបានបញ្ជាក់កាលពីថ្ងៃអាទិត្យពីការចាប់ខ្លួននាយិកាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយថាមពលដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្សាយថា ជាអ្នកជំនាញធ្វើការលើបញ្ហាបរិស្ថានទី៦ ដែលរដ្ឋាភិបាលវៀតណាមចាប់ខ្លួនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីក្រុមសិទ្ធិមនុស្សមួយបានរាយការណ៍កាលពីខែមុនថា លោកស្រី Ngo Thi To Nhien នាយិកាប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវគំនិតផ្ដួចផ្ដើមសម្រាប់ការផ្លាស់ប្ដូរថាមពល (VIET) ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ត្រូវបានចាប់ឃុំខ្លួន ទោះបីជានៅពេលនោះ គ្មានការបញ្ជាក់ជាផ្លូវការក៏ដោយ។ លោក Nhien គឺជាអ្នកស្រាវជ្រាវដែលបានធ្វើការជាមួយអង្គការអន្តរជាតិធំៗមួយចំនួន រួមមានធនាគារពិភពលោក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានផ្សាយកាលពីថ្ងៃអាទិត្យថា ដីកាចាប់ខ្លួនលោកស្រី Nhien កាលពីថ្ងៃទី ២០ ខែកញ្ញា ចេញឡើងក្រោមបទចោទប្រកាន់ពីបទ «កាន់កាប់ឯកសារដែលមិនមែនជារបស់ខ្លួនដោយខុសច្បាប់»។
យោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេស លោកស្រីអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។
ជុំវិញករណីនេះផងដែរ អ្នកនាំពាក្យរដ្ឋាភិបាលវៀតណាម លោក To An Xo បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ «បន្ទាប់ពី លោកស្រី Ngo Thi To Nhien ត្រូវបានចាប់ខ្លួន ភ្នាក់ងារសារព័ត៌មានបរទេស និងអង្គការប្រតិកម្មនិរទេសខ្លួនមួយចំនួន បានរាយការណ៍ព័ត៌មានដោយបំភ្លៃ និងបង្កាច់បង្ខូចថាវៀតណាមចាប់ខ្លួនសកម្មជនបរិស្ថាន»។
លោកបន្តថា ៖ «ទាក់ទិននឹងបញ្ហានេះ ក្រសួងសន្តិសុខសាធារណៈបានច្រានចោលការចោទប្រកាន់ដែលបំភ្លៃការពិតខាងលើ ហើយចាត់ទុកថាវាជាសកម្មភាពជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់វៀតណាម»។ អ្នកនាំពាក្យដដែល បាននិយាយថា មនុស្ស២នាក់ទៀតក៏ត្រូវបានចាប់ខ្លួនចំពោះបទចោទប្រកាន់ស្រដៀងគ្នាផងដែរនេះ។
បើតាមរ៉យទ័រ លោកស្រី Nhien កំពុងធ្វើការលើផែនការអនុវត្តសម្រាប់ភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌របស់វៀតណាម (JETP) ដែលជាគម្រោងផ្តល់មូលនិធិដោយ G7 ចំនួន ១៥ ប៊ីលានដុល្លារដើម្បីជួយប្រទេសវៀតណាមកាត់បន្ថយឥន្ធនៈហ្វូស៊ីល។
ការបញ្ជាក់អំពីការចាប់ខ្លួនលោកស្រី Nhien កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវៀតណាមបានចាប់ឃុំខ្លួនសកម្មជនអាកាសធាតុនាំមុខគេ គឺលោក Hoang Thi Minh Hong ពីបទគេចពន្ធ ដែលបង្កឱ្យមានការរិះគន់ពីអន្តរជាតិផងដែរ ស្របពេលដែលរដ្ឋាភិបាលរងការរិះគន់ផ្នែកសិទ្ធិមនុស្ស៕ ប្រែសសម្រួល៖ ហួន ឌីណា