ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំនូវយន្តការសំខាន់ៗមួយចំនួនដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានណែនាំនូវយន្តការសំខាន់ៗមួយចំនួន ដល់ក្រុមការងារក្រសួង ក្នុងការរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងដូចនេះតាមរយៈសេចក្តីណែនាំចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការចូលរូមសហការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។

ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងបានធ្វើការណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ រៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមបានបញ្ជាក់ថា ត្រូវចូលរួមអនុវត្តយន្តការដូចជា៖ ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍គ្រោះមហន្តរាយនានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្រុមការងារក្រសួងត្រូវចូលរួមសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថា្នក់ ដើម្បីធ្វើប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយ និងស្តារឡើងវិញ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ៖ «ត្រូវចាត់កម្លាំងជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់-ស្ពាន ក្នុងករណីមានការកាត់ផ្តាច់ ផ្លូវថ្នល់-ស្ពាន (ការកាត់ផ្តាច់ចរាចរណ៍) ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍ និងលើកសំណើសុំគោលការណ៍ធានាចំណាយមកក្រសួងឱ្យបានទាន់ពេលវេលា»។

មួយវិញទៀត ត្រូវចាត់កម្លាំងដំឡើងផ្លាកសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាសុវត្ថិភាព នៅតាមទីតាំងដែល កំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអ្នកដំណើរ។ ក្រុមការងារត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធដើម្បីទប់ទល់គ្រោះទឹកជំនន់ ទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធុនធ្ងន់ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់ និងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

ការរៀបចំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្ថិតក្រោមសមត្ថកិច្ចក្រសួង សាធារណការ និងដឹកជញ្ជូន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ និងត្រូវចូលរួមកៀរគររកជំនួយផ្នែកមធ្យោបាយ សម្ភារបរិក្ខារ ធនធានមនុស្ស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍នានា អង្គការជាតិនិងអន្តរជាតិ ដែលមានកិច្ចសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន។ នេះបើតាមការណែនាំបន្ថែមរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។

ទន្ទឹមនឹងនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែតុលា ក៏បានប្រកាសជូនដំណឹងពីស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជាផងដែរ ដោយចាប់ពីថ្ងៃទី២ ដល់ទី៤ ខែតុលា បណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសាន្តអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី៤០-៦០ភាគរយ។

ចំណែករាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើត ជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គរ ជាមួយនឹងទំហំភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី ៦០-៨០ភាគរយ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែតុលាថា ក្នុងកំលុងពេលមានជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាច្រើនទីតាំង ក្នុងខេត្ត ជាពិសេសផ្លូវនៅក្នុងក្រុងបាត់ដំបងបានទទួលរងនូវការខូចខាតផងដែរ។

លោកបន្តថា ជាជំហានបឋមនេះ រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានប្រគល់កៅស៊ូត្រជាក់មកជួសជុលចំពោះ ផ្លូវដែលមានសំបុកមាន់ឱ្យពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នសិន។

ចំណែកផ្លូវមួយចំនួនទៀតដូចជាផ្លូវស្ថិតនៅក្នុងស្រុកឯកភ្នំ ដែលមានទឹកច្រោះដាច់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១ ខែតុលា ក៏បានចុះពិនិត្យ ដើម្បីពិនិត្យស្តារ និងជួសជុលឡើងវិញផងដែរ។

ឯកឧត្តមបានថ្លែងថា ៖ «ចំពោះការការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះដែរ នៅចំពោះមុខនេះ យើងនឹងធ្វើនៅផ្លូវដែលខូចខាតទាំងនោះ កុំឱ្យបងប្អូនយើងគ្រោះថ្នាក់ ហើយចំពោះផ្លូវដែលខូចខាតច្រើន យើងនឹងពិនិត្យលទ្ធភាពដើម្បីស្តារ និងជួសជុល ជាបន្តបន្ទាប់ទៀត»៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner