រយៈពេលប្រាំបួនខែ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវជាង ១០ម៉ឺននាក់
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិព្រះវិហារបានបង្ហាញថា រយៈពេលប្រាំបួនខែ ក្នុងឆ្នាំ២០២៣នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវជាង ១០ម៉ឺននាក់ ។ក្នុងនោះរមណីយដ្ឋានប្រាសាទព្រះវិហារមានជាងប្រាំមួយម៉ឺននាក់ និងប្រាសាទកោះកេរជាងបួនម៉ឺននាក់។
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២ ខែតុលាថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ក្នុងឆ្នាំ២០២៣នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុប ៦២,៦៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥៦,៦២៦នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៦,០២៧នាក់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ រមណីយដ្ឋានប្រាសាទព្រះវិហារទទួលបានភ្ញៀវទេសចរសរុប ៧៩,៨១៨នាក់ ក្នុងនោះក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៧,៧២៩នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ២ ០៨៩នាក់។
លោកបញ្ជាក់ថា រមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងរយៈពេលប្រាំបួនខែក្នុងឆ្នាំនេះ ភ្ញៀវទេសចរជាតិមានការថយចុះចំនួន ២៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ខណៈដែលភ្ញៀវទេសចរបរទេស មានការកើនឡើងចំនួន ១៨៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ដូចគ្នាដែរ។
ឯកឧត្តម ពុទ្ធិការ បានឱ្យដឹងទៀតថា ចំពោះរមណីយដ្ឋានប្រាសាទកោះកេរវិញ ក្នុងរយៈពេលប្រាំបួនខែ ក្នុងឆ្នាំ២០២៣នេះ បានទទួលភ្ញៀវទេសចរជាតិសរុប ៤៤,១៦២នាក់ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ទទួលបានភ្ញៀវទេសចរជាតិសរុប ៤២,៦៦២នាក់។
លោកបន្ថែមថា ៖ «ដូច្នេះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងរយៈពេលប្រាំបួនខែមកនេះ មានការកើនឡើងភ្ញៀវទេសចរជាតិចំនួន ៣,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២»។
ទាក់ទងនឹងរបាយការណ៍នេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានឱ្យដឹងដែរថា បើតាមការសង្កេតជាទូទៅរបស់លោកមើលឃើញថា ឆ្នាំនេះភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនាកម្ពុជា មិនថាតំបន់ទេសចរខេត្តព្រះវិហារ ឬខេត្តសៀមរាបនោះទេ គឺមានការថយចុះខ្លាំង ខណៈដែលភ្ញៀវទេសចរជាតិ ក៏មានការថយចុះមួយកម្រិតដែរ។
សូមរម្លឹកផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ៕ ដោយ៖ ជា សុខនី