ក្រសួងកសិកម្ម បានត្រៀមពូជស្រូវ និងគ្រាប់ពូជដំណាំរួចរាល់ហើយសម្រាប់ចែកដល់កសិករដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីផលប៉ះពាល់ត្រូវបានវាយតម្លៃរួច
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឱ្យដឹងថា ក្រសួងបានត្រៀមលក្ខណៈរួចហើយ ក្នុងការផ្តល់គ្រាប់ពូជស្រូវ និងដំណាំមួយចំនួនទៀត ដល់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ ដោយបរិមាណនៃគ្រាប់ពូជ មិនទាន់កំណត់ចំនួនបានទេ ត្រូវរងចាំដល់ទឹកស្រក និងវាយតម្លៃផលប៉ះពាល់ជាមុនសិន។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែតុលាថា រាជរដ្ឋាភិបាលកម្ពុជាមានប្រព័ន្ធស្បៀងបម្រុង សម្រាប់ផ្តល់ជូនដល់ប្រជាកសិករ ប៉ុន្តែការផ្តល់ជូននៅក្នុងកម្រិតណាមួយនោះ ត្រូវរងចាំការវាយតម្លៃឱ្យបានច្បាស់លាស់ជាមុន ខណៈដែលទឹកមិនទាន់បានស្រកអស់នៅឡើយទេ។
កញ្ញាបានបញ្ជាក់ថា ៖ «ការផ្តល់ជូននេះទៀតសោត យើងមានប្រព័ន្ធស្បៀងបម្រុងរបស់យើង គឺមានពូជស្រូវ និងបន្លែមួយចំនួន ដែលយើងអាចផ្តល់ជូនប្រជាកសិករទៅតាមការវាយតម្លៃជាក់ស្តែងក្រោយពេលដែលទឹកស្រក»។

អ្នកនាំពាក្យក្រសួងកសិកម្មបានបន្តថា គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀង និងទឹកទន្លេ ដែលបានហក់ឡើងនៅអំឡុងចុងខែកញ្ញាកន្លងទៅ បានចាប់ផ្តើមស្រកវិញជាបណ្តើរៗហើយ ប៉ុន្តែការវាយតម្លៃផលប៉ះពាល់មិនទាន់អាចធ្វើបាននៅឡើយទេ ដរាបណាទឹកមិនទាន់ស្រកអស់។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ៖ «ក្រសួងកសិកម្ម និងមន្រ្តីនៅតាមមន្ទីរកសិកម្ម ក្នុងខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទាំងអស់ នឹងបន្តតាមដានបន្តទៀត និងរងចាំរហូតដល់ទឹកស្រកទៅអស់ទើបយើងអាចវាយតម្លៃការខូចខាតបាន។ បន្ទាប់ពីវាយតម្លៃការខូចខាតជាក់ស្តែងហើយ យើងកំណត់ពីវិសាលភាពនៃវិធានការឆ្លើយតប និងការអន្តរាគមន៍ណាមួយនៅក្នុងករណីចាំបាច់»។
បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដំណាំកសិកម្មជិត ៥ ០០០ ហិកតា របស់ប្រជាកសិករនៅខេត្តបាត់ដំបង បានរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ខណៈស្រុកឯកភ្នំ គឺជាស្រុកមួយក្នុងចំណោមស្រុក ក្រុង ចំនួន៩ ដែលកើតមានជំនន់ទឹកភ្លៀង បានទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេ មានរហូតដល់ ជាង ២ ៥០០ហិកតា ។

របាយការណ៍បានបន្តថា ជំនន់ទឹកភ្លៀងនេះ បានកើតឡើង ត្រឹមតែរយៈ២ថ្ងៃប៉ុណ្ណោះ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់១៤ក្រុង-ស្រុក បណ្ដាលឱ្យទឹកអូរ ទឹកស្ទឹងសង្កែនិងទឹកស្ទឹងបវេល មានការកើនឡើងខ្ពស់ ដែលបណ្តាលឱ្យកើតមានទឹកជំនន់លិចប៉ះពាល់ចំនួន៩/១៤ក្រុង-ស្រុក ស្មើនឹង៣៤/១០៣ឃុំ-សង្កាត់ លើ១៥១/៨៤២ភូមិ។
ប្រភពដដែលបន្តថា ទឹកជំនន់នេះ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៦ ០៦៧ខ្នងផ្ទះ, ដំណាំស្រូវ ៣០៣៤ហិចតា, ដំណាំរួមផ្សំ ១.៧៣២,៥០ហិចតា សាលារៀនចំនួន១៥សាលា, ប៉ះពាល់ផ្លូវ១៦កន្លែង ស្មើនឹង ១៦.៩៨០ ម៉ែត្រ និងបានជម្លៀសប្រជាព លរដ្ឋទៅរកទីទួលសុវត្ថិភាព ចំនួន ២០០ គ្រួសារ ក្នុងនោះរួមមានក្រុងបាត់ដំបង ស្រុកបាណន់ ថ្មគោល បវេល ឯកភ្នំ សង្កែ រតនមណ្ឌល សំឡូត និងស្រុកកំរៀង។
បើតាមអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងហាក់មានការថមថយបន្តិចទៅវិញហើយ ខណៈដែលខេត្តចំនួន៩ បានរងផលប៉ះពាល់ដោយសារតែជំនន់នេះ រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ ត្បូងឃ្មុំ កោះកុង ព្រះសីហនុ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់។
លោកបានបញ្ជាក់ថា ៖ «ក្រៅពីនេះខេត្តនៅតាមទន្លេមេគង្គ ក៏បានស្រកអស់ហើយដែរ នៅឡើយតែខេត្តកំពង់ធំ និងពោធិ៍សាត់ទេ តែស្រកយឺតជាងគេ ប៉ុន្តែបើសិនជាមិនមានភ្លៀងធ្លាក់បន្តទេ ខេត្តទាំងពីរនេះ នឹងស្រកឆាប់ៗនេះដែរ»។

បើតាម លោក គឹមកុលមុន្នី នៅក្នុងរបាយការណ៍បឋម ដែលលោកទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតាមខេត្តទាំង៩នេះ ទឹកជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជិត៩ពាន់គ្រួសារ, ប្រជាជនជម្លៀសទៅទួលសុវត្ថិភាពជាង ៣០០ គ្រួសារ, ប៉ះពាល់ផ្ទះសម្បែងប្រជាជនជិត៣ពាន់ខ្នង និងប៉ះពាល់ស្រូវជិតប្រាំមួយពាន់ហិកតា។
ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើហ្វេសប៊ុកលោកកាលពីថ្ងៃទី២៩ ខែកញ្ញាថា លោក និងប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានទៅធ្វើការត្រួតពិនិត្យលើការប្រមូលផល ការសំងួត និងការស្តុកគ្រាប់ស្រូវពូជដែលត្រៀមទុកជាពូជបម្រុងនៅស្ថានីយផលិតពូជស្រូវព្រៃផ្តៅ ដើម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិក្នុងការស្តារផលិតកម្មស្រូវឡើងវិញ។
លោកថា ៖ «នៅទូទាំងប្រទេសយើង មានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន៦ កន្លែង និងមានការសហការបន្ថែមជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវនៅច្រើនកន្លែងថែមទៀតដែលជាផ្នែកសំខាន់មួយនៃប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា»៕ ដោយ៖ វណ្ណ សុជាតា