រដ្ឋមន្រ្តីពាណិជ្ជកម្ម និងសមាគមភស្តុភារកម្មកម្ពុជា នឹងអញ្ជើញពិនិត្យការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-វៀតណាមសប្ដាហ៍នេះ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល នឹងដឹកនាំគណៈប្រតិភូក្រសួង និងសមាគមភស្តុភារកម្មកម្ពុជា ទៅត្រួតពិនិត្យមើលការធ្វើពាណិជ្ជកម្ម នៅតាមច្រកព្រំដែនកម្ពុជា និងវៀតណាម នៅថ្ងៃទី៥ ខែតុលាខាងមុខនេះ ដើម្បីឱ្យមានសង្គតិភាពច្បាស់លាស់ ចំពោះពាណិជ្ជកម្មតាមព្រំដែន។
ដំណឹងនៃដំណើរទស្សនកិច្ចរបស់លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនេះ ត្រូវបានលោក ស៊ិន ចន្ធី ប្រធានសមាគមដឹកជញ្ជូន ប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដោយលោកអះអាងថា ជាដំណើរទស្សនកិច្ចមួយដ៏មានសារៈសំខាន់ ដោយនឹងបានស្វែងយល់ការតែច្បាស់អំពីសកម្មភាពនៃការដឹកជញ្ជូន បញ្ហាប្រឈមនានារបស់ការដឹកជញ្ជូនតាមព្រំដែន ថែមទាំងអាចផ្តល់ជាដំណោះស្រាយផងដែរ។

លោក ស៊ិន ចន្ធី បានប្រាប់ឱ្យដឹងថា វិស័យដឹកជញ្ជូនភស្តុភារកម្ម និងដឹកជញ្ជូន និងវិស័យពាណិជ្ជកម្ម ជាវិស័យដែលមានការទាក់ទងគ្នាយ៉ាងស្អិតរមួត និងមិនអាចខ្វះគ្នាបានឡើយ ដែលនេះជាហេតុផល ដែលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្មី បង្ហាញការយកចិត្តទុកដាក់លើវិស័យនេះ ខណៈដែលកន្លងតម្លៃដឹកជញ្ជូននៅកម្ពុជាថ្លៃជាងបណ្តាប្រទេសដទៃទៀត។
លោក ស៊ិន ចន្ធី បានបញ្ជាក់ថា ៖ «ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ គឺដើម្បីបង្ហាញឱ្យឃើញជាក់ស្តែងនូវសកម្មភាពនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន, បញ្ហាប្រឈមដែលតែងកើតមានឡើង, ការដោះស្រាយបញ្ហា និងសំណូមពរផ្សេងៗពីមន្រ្តីពាក់ព័ន្ធ និងវិស័យឯកជននៅតាមច្រកព្រំដែនទាំងនោះផងដែរ»។
បើតាមប្រធានសមាគមភស្តុភារកម្មកម្ពុជា មិនត្រឹមតែច្រកព្រំដែនកម្ពុជាជាមួយវៀតណាមទេ សមាគមគ្រោងនឹងអមដំណើររដ្ឋមន្រ្តីទៅកាន់ច្រកព្រំដែនជាមួយប្រទេសជិតខាងដទៃទៀតនាពេលខាងមុខ ដើម្បីជាការផ្តល់ព័ត៌មានដល់រាជរដ្ឋាភិបាលនូវស្ថានភាពជាក់ស្តែងពិតប្រាកដ អំពីតម្រូវការរបស់វិស័យឯកជន។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ឱ្យដឹងដែរថា ប្រទេសវៀតណាម ជាប្រទេសជិតខាង ដែលមានជាប់នឹងត្រីកោណអភិវឌ្ឍន៍ជាមួយខេត្តភាគឦសានរបស់ប្រទេសកម្ពុជា ខណៈដែលខេត្តមួយចំនួនដែលជាប់ព្រំដែនវៀតណាមក៏ជាច្រកព្រំដែនដ៏សំខាន់ក្នុងការដោះដូរទំនិញពាណិជ្ជកម្មជាមួយកម្ពុជាដែរ។ នេះជាមូលដែលរដ្ឋមន្រ្តីពាណិជ្ជកម្មចុះទៅកាន់ខេត្តជាប់ព្រំដែនវៀតណាមទាំងនេះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ «ការដែលចុះទៅធ្វើទស្សនកិច្ច ទៅពិនិត្យស្ថានភាពតាមព្រំដែននេះ គឺដើម្បីពង្រឹងការអនុវត្តពាណិជ្ជកម្ម និងការសម្រួលពាណិជ្ជកម្ម ដែលធ្វើឡើងក្នុងគោលដៅ ធ្វើយ៉ាងណាឱ្យទំហំសេដ្ឋកិច្ចរបស់យើងមានការកើនឡើងជាលក្ខណៈទ្វេភាគី»។
លោកបានបន្ថែមទៀតថា ជាមួយវៀតណាម កម្ពុជាមានកិច្ចព្រមព្រៀងទ្វេភាគី, កិច្ចព្រមព្រៀងទំនិញឆ្លងកាត់, ការអនុវត្តសេដ្ឋកិច្ចពាណិជ្ជកម្មក្រោមឆត្ររបស់ត្រីកោណអភិវឌ្ឍន៍ជាដើម ដែលទាំងនេះបាននិងកំពុងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្ពុជា ជាមួយប្រទេសវៀតណាមសម្រេចបានក្នុងរង្វង់ទឹកប្រាក់ ជាង ៤ ៣០០ លានដុល្លារ មានកំណើនតិចតួចប្រមាណ ១,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ប្រភពដដែលថា ក្នុងនោះការនាំចេញទៅវៀតណាម សម្រេចបានទឹកប្រាក់ជាង ១ ៨៥៣ លានដុល្លារ កើនជាង ២៦ ភាគរយ ខណៈដែលការនាំចូលពីវៀតណាមមកវិញសម្រេចបានទឹកប្រាក់ ២ ៤៤៩ លានដុល្លារ ថយចុះជិត១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២កន្លងទៅ៕ ដោយ៖ វណ្ណ សុជាតា