រដ្ឋមន្រ្តី៖ ប្រជាជាតិខ្មែរមានប្រពៃណីវប្បធម៌ល្បីល្បាញដូចសព្វថ្ងៃ គឺផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់
ភ្នំពេញ៖ មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់ នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធយ៉ាងចើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងពិធីអបអរសាទរខួបលើកទី២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺ ជួយយើងទាំងអស់គ្នា» នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារឱ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្ស ចាស់ឱ្យបានល្អប្រសើរ និងបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិ។
ឯកឧត្តម ជា សុមេធី ថ្លែងថា ៖ «យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់ចំណេះដឹង វប្បធម៌ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ»។

ឯកឧត្តមបន្តថា ៖ «ប្រជាជាតិយើងមានប្រពៃណីវប្បធម៌ល្បីល្បាញដូចសព្វថ្ងៃ គឺ ផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់»។
ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវ និងណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ ផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្ដៅលើ ប្រព័ន្ធសេវាសម្រាប់មនុស្សចាស់។
បើតាមក្រសួងសង្គមកិច្ច នៅឆ្នាំ២០១៨ ក្រសួងបានបង្កើតសមាគមមនុស្សចាស់ចំនួន ១ ៦៤៦ ឃុំ សង្កាត់ នៅទូទាំងរាជធានី ខេត្ត សំដៅជួយសម្រួលទុក្ខ លំបាក និងជួយគ្នាទៅវិញទៅមកក្នុងករណីមានធុរៈ។
ជាក់ស្ដែងថ្មីៗនេះ ក្រសួងបានសហការជាមួយ អង្គការមនុស្សចាស់កម្ពុជា (HelpAge Cambodia) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្តរជំនាន់ និងពហុមុខងារ) នៅរាជធានី ខេត្តចំនួន ៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តបាត់ដំបង។

លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើមនុស្សចាស់នេះ គឺពិតជាមានសារៈសំខាន់ ព្រោះពួកគាត់ជាមនុស្សមានធនធានធ្លាប់បានផ្តល់ផលប្រយោជន៍ ក្នុងការបំរើជាតិ និងសង្គម។
លោកបន្តថា ការប្រារព្វទិវាមនុស្សចាស់នេះ ក៏ជាការបង្ហាញនូវកត្តញ្ញូតា ឬជាការដឹងគុណទៅដល់មនុស្សចាស់ដែលធ្លាប់មានគុណបំណាច់បំរើសង្គម បំរើជាតិ និងបំរើរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក ឈត ប៊ុនថង បានកោតសើសើរចំពោះរាជរដ្ឋាភិបាលដែលគិតគូរ រំលឹក និងយកចិត្តទុកដាក់ដល់មនុស្សចាស់ក្នុងប្រទេសកម្ពុជា ហើយលោកសង្ឃឹមថាការងារនេះនឹងត្រូវបន្តធ្វើរហូតទៅដល់ដំណាក់កាលនៃជីវិតចុងក្រោយរបស់ពួកគាត់។
ទាក់ទងនឹងមនុស្សចាស់នេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានចេញសារលិខិតអបអរសាទរទិវាមនុស្សចាស់កម្ពុជាផងដែរ ដោយឯកឧត្តមក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង៕ ដោយ៖ គឹម យុត្ថារ៉ូ