ណាតូ បញ្ជូនកងទ័ពអង់គ្លេសរាប់រយនាក់ទៅកូសូវ៉ូ ខណៈភាពតានតឹងជាមួយស៊ែប៊ីកើនឡើង

ណាតូ៖ អង្គការសម្ព័ន្ធភាពអាត្លង់ទិកខាងជើង(ណាតូ)បាននិយាយកាលពីថ្ងៃអាទិត្យថា អង្គការនឹងបញ្ជូនកងទាហានអង់គ្លេសប្រមាណ ៦០០ នាក់ ទៅកាន់ប្រទេសកូសូវ៉ូ ដើម្បីពង្រឹងវត្តមានរបស់ខ្លួន ចំពេលដែលភាពជាមួយស៊ែប៊ីកំពុងកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Dylan White អ្នកនាំពាក្យអង្គការណាតូបាននិយាយថា ចក្រភពអង់គ្លេសនឹងដាក់ពង្រាយទាហានប្រហែល ២០០ នាក់ ដើម្បីចូលរួមជាមួយទាហានអង់គ្លេស ៤០០ ផ្សេងទៀតដែលមានស្រាប់នៅកូសូវ៉ូ ហើយប្រទេសសមាជិកណាតូផ្សេងទៀតនឹងពង្រាយទ័ពតាមក្រោយ។ លោកបន្តថា ការដាក់ពង្រាយទ័ពនៅពេលនេះ គឺដើម្បីដោះស្រាយស្ថានការណ៍ និងភាពតានតឹងដែលកើតឡើងក្នុងតំបន់»។

លោកបានបន្ថែមថា ៖ «ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយហិង្សាលើប៉ូលីសកូសូវ៉ូនៅថ្ងៃទី ២៤ ខែកញ្ញា ហើយបង្កើនភាពតានតឹងនៅក្នុងតំបន់»។

លោកថ្លែងបែបនេះ ដោយមិនបានសំដៅលើសេចក្តីថ្លែងការណ៍របស់អាមេរិកកាលពីថ្ងៃសុក្រ ដែលព្រមានពីការបង្កើនវត្តមានទ័ពរបស់ស៊ែប៊ីនៅតាមព្រំដែនជាមួយកូសូវ៉ូនោះទេ។ ការព្រមានរបស់អាមេរិក ត្រូវបានមេដឹកនាំស៊ែប៊ីច្រានចោល ថាជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងរបស់ប្រទេសរបស់ខ្លួន។

លោក White បាននិយាយថា ណាតូអំពាវនាវជាថ្មីម្ដងទៀតឱ្យមានភាពស្ងប់ស្ងាត់ ហើយទាមទារឱ្យកូសូវ៉ូ និងស៊ែប៊ី ចាប់ផ្ដើមចាប់ផ្តើមកិច្ចសន្ទនាឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានតាម ព្រោះវាជាវិធីតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។

គួរបញ្ជាក់ថា មន្ត្រីប៉ូលិសកូសូវ៉ូម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្នុងការវាយឆ្មក់មួយនៅភាគខាងជើងនៃប្រទេស ជាតំបន់ដែលមានជនជាតិស៊ែប៊ីរស់នៅជាច្រើន។ ការបាញ់ប្រហារ បានកើតឡើងរវាងកងកម្លាំងពិសេសប៉ូលិសកូសូវ៉ូ និងស៊ែប៊ីដែលប្រដាប់អាវុធ។ ការណ៍នេះបង្កឱ្យមានភាពតានតឹងធ្ងន់ធ្ងរបំផុតមួយនៅកូសូវ៉ូក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ស៊ែប៊ីបដិសេធមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូ ដែលជាអតីតខេត្តភាគខាងត្បូងរបស់ខ្លួន ហើយមានប្រជាជនអាល់បានីភាគច្រើន ពោលគឺ១ទសវត្សរ៍បន្ទាប់ពីសង្គ្រាមដ៏សាហាវរវាងទ័ពព្រៃឯករាជ្យកូសូវ៉ូ និងកងកម្លាំងស៊ែប៊ី ដែលបានបញ្ចប់ទៅក្រោមយុទ្ធនាការទម្លាក់គ្រាប់បែករបស់ណាតូ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner