អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យរកសារធាតុញៀននៅមូលដ្ឋានរបស់ខ្លួន

អត្ថបទដោយ៖
Apsara Net

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រមូលអ្នករស់នៅមិនមានទីលំនៅច្បាស់លាស់នៅតាមមូលដ្ឋានរបស់ខ្លួន ពិសេសអ្នកបើកបររថយន្តធុនធំ ធ្វើតេស្តរកសារធាតុញៀន ក្នុងការទទួលបានសេវាព្យាបាលពីសារធាតុញៀន។

យោងតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែតុលា ឯកឧត្តម គួច ចំរើន បានណែនាំដូចនេះ ក្នុងពេលលោកដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុកាលពីសប្តាហ៍មុន។

ឯកឧត្តមបានលើកឡើងថា អ្នកប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀននៅខេត្តព្រះសីហនុ មិនមានការថមថយឡើយ ក្រោយពីគណៈបញ្ជាការឯកភាពខេត្ត បើកកិច្ចប្រជុំ និងបានដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ធ្វើរដ្ឋបាលចំហរនៅតាមទីតាំងសង្ស័យថា មានក្រុមអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ៖ «សូមឱ្យខាងក្រុង ស្រុក ស្នងការ អាវុធហត្ថ ត្រូវចូលរួមអនុវត្តផែនការក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ដោយធ្វើយុទ្ធនាការរដ្ឋបាលចំហរនៅតាមទីតាំងដែលមានការរស់នៅប្រមូលផ្តុំមិនមានភាពច្បាស់លាស់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការប្រមូលយកមកធ្វើតេស្តរកសារធាតុញៀន ដើម្បីផ្តាច់ឬសគល់អ្នកញៀនគ្រឿងញៀន»។ ពិសេសត្រូវចុះត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំ ប្រសិនរកឃើញមានសារធាតុញៀនយកមកចូលមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត។

អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យប្រជាពលរដ្ឋ រាយការណ៍មកអាជ្ញាធរភូមិ ឃុំសង្កាត់ ជាបន្ទាន់ ប្រសិនជួបបុគ្គលណាដែលប្រើប្រាស់គ្រឿងញៀន ដើម្បីមានវិធានការបង្ខំអ្នកញៀនមកទទួលសេវានៅមណ្ឌល ដែលផ្តល់ការបន្សាប ការព្យាបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដាច់ខាត។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ អាជ្ញាធរបានបង្រ្កាបករណីជួញដូរគ្រឿងសរុប ៣ ១៤៣ករណី រឹបអូសគ្រឿងញៀនគ្រប់ប្រភេទ ជាង ៨៣៨ គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៧៤៨០នាក់៕ ដោយ៖ ជា សុខនី

ads banner