សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការដឹកនាំរបស់សម្ដេចនៅអាណត្តិនេះ នឹងធ្វើឲ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា ក្នុងការដឹកនាំរបស់សម្ដេចនៅអាណត្តិនេះ នឹងធ្វើឲ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល។ ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំក្រសួងអប់រំ ពិនិត្យការជ្រើសរើសនាយកសាលា ព្រោះនាយកសាលា មានសារៈសំខាន់ណាស់ក្នុងការដឹកនាំបណ្ដុះបណ្ដាលធនធានមនុស្ស ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងការដឹកនាំរបស់សម្ដេចនៅអាណត្តិនេះ គឺត្រូវពង្រឹងគុណភាពទាំងមណ្ឌលសុខភាព និងសាលាទូទាំងប្រទេស។ សម្ដេចក៏បានលើកឡើងពីបំណងក្នុងការធ្វើវិមជ្ឈការអំណាចក្នុងការរើសនាយកសាលា ទៅឲ្យថ្នាក់ខេត្ត រាជធានីជ្រើសរើស ដោយថា នឹងអាចធ្វើឲ្យប្រព័ន្ធអប់រំ មានគុណភាពបន្ថែមទៀត។ សម្ដេចថា នាយកសាលា គឺជាបុគ្គលសំខាន់ដែលធ្វើឲ្យការអប់រំមានការរីកចម្រើន ។
ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ពីព្រោះនាយកសាលាគឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា។ សម្ដេច ក៏បានស្នើដល់ក្រសួងអប់រំ ត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលានេះមកសម្ដេច ដើម្បីពិនិត្យ និងសម្រេច ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ក្នុងការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចនាប៉ុន្មានអាណត្តិខាងមុខ គឺនឹងធ្វើឲ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល។ សម្ដេច ក៏សូមផ្តាំផ្ញើទៅឪពុក-ម្តាយគ្រប់រូប មិនចាំបាច់វេចបង្វិចរកសាលារដ្ឋទៀតទេ គឺនឹងមានសាលាល្អជិតនៅផ្ទះរបស់ពួកគាត់គ្រប់ភូមិ-ឃុំ-ស្រុក និងសង្កាត់-ខណ្ឌជាដើម ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ


