ប្រកាសអាសន្ន៖ ជំងឺគ្រុនឈាមសម្លាប់មនុស្សជាង១ពាន់នាក់ នៅប្រទេសបង់ក្លាដែស
ដាកា៖ មន្ទីរពេទ្យនៅប្រទេសបង់ក្លាដែស ស្ថិតក្នុង ‘គ្រាអាសន្ន’ បន្ទាប់ពីមានកំណត់ត្រាស្លាប់ដោយសារជំងឺគ្រុនឈាម ខណៈដែលជំងឺនេះបានសម្លាប់មនុស្សជាង១ពាន់នាក់ហើយ ក្នុងប្រទេសនេះ។
ការផ្ទុះឡើងនៃជំងឺគ្រុនឈាម នាពេលថ្មីៗនេះ បានឆក់យកជីវិតមនុស្សចំនួន ១០៣០នាក់ ហើយមនុស្សជាង ២១ម៉ឺននាក់ផ្សេងទៀត សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅឆ្នាំ២០២៣នេះ។
មន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រ Mugda ជាទីកន្លែងប្រយុទ្ធដ៏សំខាន់ ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាម។ មន្ទីរពេទ្យដែលមានកម្ពស់ ១០ ជាន់មួយកន្លែងនេះ មានសមត្ថភាពផ្ទុកគ្រែព្យាបាល ៤០០ ប៉ុន្តែ ជាមួយនឹងការផ្ទុះឡើងនៃករណីគ្រុនឈាម ទីតាំងរបស់រដ្ឋមួយនេះ កំពុងព្យាបាលអ្នកជំងឺដល់ទៅជិត ១០០០ នាក់ឯណោះ ហើយក្រៅពីនេះ មានអ្នកជំងឺនៅខាងក្រៅរាប់ពាន់នាក់ផ្សេងទៀត។
វេជ្ជបណ្ឌិត Niatuzzaman នាយកមន្ទីរពេទ្យ Mugda បានប្រាប់ថា «វាជិតដល់ករណីបន្ទាន់ខ្លាំងហើយ ពួកយើងបានប្រមូលផ្តុំវេជ្ជបណ្ឌិតរបស់ពួកយើងទាំងអស់ ក្រោមឆ័ត្រកណ្តាលមួយ និងត្រៀមបុគ្កលិកថែទាំ បុគ្គលិកអគ្គសនី និងអ្នកសម្អាតផ្សេងៗទៀត ហើយពួកយើងបានប្រើប្រាស់កម្លាំងរួមគ្នា ដូចកាលពីពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា «បន្ទាប់ពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាមនេះហើយដែលបានវាយប្រហារក្នុងកំណត់ត្រាដ៏គ្រោះថ្នាក់ ក្នុងប្រទេសនេះ»។
គេឃើញមានទិដ្ឋភាព អ្នកជំងឺ និងសាច់ញាតិរបស់ពួកគេត្រូវដាក់នៅលើកន្ទេល ហើយដេកនៅលើឥដ្ឋ។ អ្នកផ្សេងប្រមូលផ្តុំគ្នា យ៉ាងអន្ទះសារ នៅខាងក្រៅបន្ទប់ថែទាំអ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដែលប្រឈមនឹងការគ្រោះថ្នាក់ដល់អាយុជីវិត៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

