តម្លៃវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិ រថយន្ត ក្នុង ប្រទេស សិង្ហបុរី កើនឡើង ដល់ជាង ១០ ម៉ឺនដុល្លារ
នៅប្រទេសសិង្ហបុរី ដើម្បីអាចក្លាយជាម្ចាស់រថយន្តបាន អ្នកទិញចាំបាច់ត្រូវតែចូលរួមដេញថ្លៃទិញយក «វិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិ» ឬភាសាអង់គ្លេសហៅថា Certificate of Entitlement (COE) ដែលបច្ចុប្បន្ននេះ វាមានតម្លៃលើសពី ១០ ម៉ឺនដុល្លារអាមេរិកឯណោះ។ តម្លៃ នេះ បើយកទៅប្រៀបធៀប នឹង តម្លៃ រថយន្តប្រភេទ Toyota Camry Hybrid នៅសហរដ្ឋអាមេរិកវិញ គឺស្មើនឹងចំនួនដល់ទៅ ៤ គ្រឿង ឯណោះ។ ការកើនឡើងនូវតម្លៃនេះ គឺដោយសារតែការស្ទុះងើបឡើងវិញនៃតម្រូវការប្រើប្រាស់រថយន្ដក្រោយវិបត្តិកូវី១៩។
ប្រទេសសិង្ហបុរីបានប្រើប្រាស់ប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិ (COE) ចាប់តាំងពីឆ្នាំ១៩៩០ មកម៉្លេះ។ វិញ្ញាបនបត្រនេះមានសុពលភាពរយៈពេល ១០ ឆ្នាំ។ ការអនុវត្តវិធានការបែបនេះ គឺដោយសារតែសិង្ហបុរីជាប្រទេសដ៏តូចមួយ ដូច្នេះត្រូវមានការកំណត់ចំនួនយានយន្តក្នុងចំនួនជាក់លាក់។ ប្រទេសនេះមានចំនួនប្រជាជនសរុបប្រមាណជិត ៦ លាននាក់ ហើយយើងអាចបើករថយន្តឆ្លងកាត់ប្រទេសនេះក្នុងរយៈពេលត្រឹមតែជាងកន្លះម៉ោងប៉ុណ្ណោះ។
ដោយសារតែការដាក់ឱ្យមានដំណើរការដេញថ្លៃទិញវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិនេះហើយ ទើបសិង្ហបុរីបានក្លាយជាទីក្រុងដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកក្នុងការទិញរថយន្តប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សព្វថ្ងៃនេះ តម្លៃវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិ សម្រាប់ រថយន្ត ធំៗ មួយ ចំនួន បាន ហក់ ឡើងរហូត ដល់ទៅ ១០៦ ពាន់ដុល្លារ ពោលគឺកើនឡើងចំនួន ៤ ដងបើធៀបនឹង តម្លៃ នៅឆ្នាំ២០២០ ។
ជាក់ស្ដែង បើយើងរាប់បញ្ចូលតម្លៃទាំងអស់ ក្នុងនោះរួមមានថ្លៃវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិ តម្លៃចុះបញ្ជី និងតម្លៃពន្ធ នោះរថយន្តម៉ាក Toyota Camry Hybrid ស្តង់ដាថ្មីមួយអាចមានតម្លៃប្រហែល ១៨៣ ពាន់ដុល្លារនៅក្នុងប្រទេសសិង្ហបុរី ធៀបនឹង ២៩ ពាន់ដុល្លារនៅសហរដ្ឋអាមេរិក។ បើយើងធ្វើការប្រៀបធៀប សូម្បីតែផ្ទះល្វែងតូចមួយដែលឧបត្ថម្ភដោយរដ្ឋាភិបាលនៅប្រទេសសិង្ហបុរី មានតម្លៃត្រឹមតែជាង ៩ ម៉ឺនដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។
នៅឆ្នាំ២០២០ មានមនុស្សតិចណាស់ដែលត្រូវការរថយន្តដោយសារមិនអាចចេញក្រៅផ្ទះបាន កាលនោះ តម្លៃនៃវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិបានធ្លាក់ចុះមកត្រឹមជាង ២ ម៉ឺនដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីវិបត្តិកូវីដ១៩ សកម្មភាពសេដ្ឋកិច្ចបានកើនឡើងវិញ នាំឱ្យមានការទិញរថយន្តកាន់តែច្រើន។ បច្ចុប្បន្ននេះ ប្រទេសសិង្ហបុរីមានរថយន្តប្រហែល ៩៥ ម៉ឺនគ្រឿងដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ។ គួរបញ្ជាក់ថា អ្នកទិញអាចស្វែងរកដេញថ្លៃទិញវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិទៅបាន គឺអាស្រ័យលើចំនួនរថយន្តចាស់ៗដែលត្រូវបានលុបចេញពីបញ្ជីនៅក្រសួង។
ដោយសារតែតម្លៃថ្លៃបែបនេះ បានធ្វើឱ្យប្រជាជនសឹង្ហបុរីដែលមានចំណូលមធ្យមភាគច្រើន គ្មានលទ្ធភាពទិញរថយន្ដប្រើប្រាស់បាន។ ការណ៍នេះ ជា បញ្ហា ប្រឈម ក្នុងការ សម្រេច បាន នូវគោលដៅ “ក្តី សុបិន របស់ ប្រទេស សិង្ហបុរី” ដែលជាក្ដីសុបិនឈានឆ្ពោះ ទៅ រក សង្គមមួយ ដែលមានប្រាក់សម្រាប់ចំណាយគ្រប់គ្រាន់ ខុនដូសម្រាប់រស់នៅ និង រថយន្តសម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ នេះ បើ យោងតាម អ្នក វិភាគ សង្គម លោក តាន់ អឺន ស៊ែរ (Tan Ern Ser)។
ប្រាក់ខែប្រចាំឆ្នាំជាមធ្យមរបស់គ្រួសារនៅប្រទេសសិង្ហបុរីគឺប្រមាណជាជិត ៩ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ប្រជាជនសិង្ហបុរីបានជួបប្រទះនឹងអត្រាអតិផរណាកើនឡើងជាបន្តបន្ទាប់ និងសេដ្ឋកិច្ចធ្លាក់ចុះ ហើយអ្នកខ្លះកំពុងលក់ រថយន្ត ដែល ពួក គេ បាន ទិញ ក្នុងតម្លៃ ទាប ដើម្បីទទួលបានប្រាក់ ចំណេញ។
លោក តាន់ បាននិយាយថា «វាចាំបាច់ណាស់ក្នុងការកាត់បន្ថយសេចក្ដីប្រាថ្នារបស់មនុស្សម្នាក់ដែលចង់សម្រេចបាននូវស្ថានភាពជីវិតល្អប្រសើរ ដើម្បីដោះស្រាយបញ្ហា និងបន្តរស់នៅក្នុងស្ថានភាពជីវិតល្អធម្មតាមួយ»។ លោក ចេសុន ហ្គ័ន (Jason Guan) អាយុ ៤០ ឆ្នាំ ជាភ្នាក់ងារធានារ៉ាប់រង និងជាឪពុកមានកូនពីរនាក់ បានលើកឡើងថា លោកបានទិញរថយន្តដំបូងគឺម៉ាក Toyota Rush ក្នុងតម្លៃ ៤៧ ពាន់ដុល្លារអាមេរិកនៅឆ្នាំ២០០៨។
ឥឡូវនេះ លោក ហ្គ័ន បានលក់វាចេញ ហើយសព្វថ្ងៃ គ្រួសាររបស់លោករស់នៅដោយគ្មានរថយន្ដនោះទេ ដោយលោកត្រូវពឹងផ្អែកលើអត្ថប្រយោជន៍ផ្សេងទៀតដែលរដ្ឋាភិបាលសិង្ហបុរីផ្តល់ជូនសម្រាប់គ្រួសាររបស់លោក។ លោកបាននិយាយថា “ក្នុង នាម ជា មេដឹកនាំ គ្រួសារ វា មិន ប៉ះ ពាល់ ខ្ញុំ ច្រើន ទេ ព្រោះ ប្រទេស សិង្ហបុរី នៅ មាន ប្រព័ន្ធ អប់រំ ល្អ និង ស្ថិរភាព។ បើ និយាយ ពី សន្តិសុខ វា នៅ តែ ជា ប្រទេស មួយ ក្នុង ចំណោម ប្រទេស ដែល មាន សុវត្ថិភាព បំផុតនៅលើពិភពលោក”៕
ប្រភពព័ត៌មាន៖ The Guardian
Certificate to own car in Singapore rockets to $106,000
https://www.theguardian.com/world/2023/oct/04/singapore-cost-car-certificate