នាយករដ្ឋមន្ត្រីកម្ពុជា៖ អតីតកាល និងបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ចំពោះការវិវត្តន៍វិជ្ជមាននៃការអប់រំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អតីតកាល និងបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ចំពោះការវិវត្តន៍វិជ្ជមាននៃការអប់រំ ។ ជាក់ស្ដែង យុវជនកម្ពុជា មានសមត្ថភាពសរសេរចងក្រងសៀវភៅបានល្អ និងមានការច្នៃប្រឌិតខ្ពស់ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ កោតសរសើរដល់យុវជនកម្ពុជា ដែលទើបតែរៀនថ្នាក់ទី១១ តែមានសមត្ថភាពសរសេរចងក្រងសៀវភៅបានល្អ។ សម្តេច ក៏បានកោតសរសើរដល់យុវជនកម្ពុជា បានច្នៃប្រឌិតគ្រឿងយន្តប្រើតេឡេបញ្ជា ។

សម្តេចធិបតី បានរំលឹកពីអតីកាលដែលការអប់រំនៅកម្ពុជាក្រោយងើបពីសង្រ្គាម ការសិក្សាខ្វះសូម្បីសៀវភៅអាន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រៀបធៀបអតីតកាល និងបច្ចុប្បន្នថា ខុសគ្នាឆ្ងាយណាស់ ដោយយុវជនកម្ពុជា មានសមត្ថភាព មានការយកចិត្តទុកដាក់ និងមានមធ្យោបាយសិក្សាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យអប់រំ ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជា៖ ការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill) ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner