អាមេរិក-ម៉ិកស៊ិក ប្តេជ្ញាប្រឹងប្រែងបន្ថែមទៀត ទប់ស្កាត់ការធ្វើចំណាកស្រុក និងលំហូរគ្រឿងញៀន
ម៉ិកស៊ិកូ៖ សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយលំហូរនៃគ្រឿងញៀន និងជនចំណាកស្រុក ដោយទុកបញ្ហាជញ្ជាំងព្រំដែនដ៏ចម្រូងចម្រាស់ មួយឡែកសិន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ អំឡុងសន្និសីទសារព័ត៌មាន ក្នុងពេលមានវត្តមាន នៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ថ្នាំញៀនសំយោគ «fentanyl » បន្តបំផ្លិចបំផ្លាញក្រុមគ្រួសារជនជាតិអាមេរិក និងជនជាតិម៉ិកស៊ិក តាមរយៈព្រំដែនទាំងសងខាងនៃប្រទេសទាំងពីរ។
លោកបានមានប្រសាសន៍ទៀតថា «យើងមានកាតព្វកិច្ចធ្វើអ្វីគ្រប់យ៉ាង នៅក្នុងអំណាចរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញនេះ» ដោយលោកបានបន្ថែមថា ប្រទេសទាំងពីរកំពុងសហការគ្នាដើម្បី «រុះរើមន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់» ។
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena ដែលមានវត្តមាន នាពេលនោះដែរ បានសង្កត់ធ្ងន់ថា សារធាតុគីមីដែលប្រើសម្រាប់ផលិត fentanyl មិនត្រូវបានផលិតនៅក្នុងប្រទេសម៉ិកស៊ិកទេ ប៉ុន្តែបានមកពីបរទេស។ លោកស្រីបាននិយាយថា កងទ័ពជើងទឹកម៉ិកស៊ិកបានស្នើឲ្យ «បង្កើតសម្ព័ន្ធអន្តរជាតិ» ដើម្បីបញ្ឈប់ការរត់ពន្ធមុនគេ នៃសារធាតុគីមី តាមរយៈវិធានការនានា រួមទាំង ការកែលម្អការសកម្មភាពតាមដាន ជាដើម។
ចំពោះករណីធ្វើចំណាកស្រុកវិញ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken បាននិយាយថា ទំហំនៃបញ្ហាប្រឈម ទាមទារឱ្យយើងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងឡើងវិញ តាមរយៈវិធានការដូចជា ការធ្វើទំនើបកម្មសន្តិសុខតាមព្រំដែន ការបង្កើនផ្លូវធ្វើចំណាកស្រុកស្របច្បាប់ និងការដោះស្រាយបញ្ហាឫសគល់។
រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក លោក Alejandro Mayorkas បាននិយាយថា ប្រទេសទាំងពីរបានប្តេជ្ញាពង្រីក «ផ្លូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងផ្លូវច្បាប់ សម្រាប់ជនចំណាកស្រុក» ប៉ុន្តែជាមួយនឹង «ផលវិបាកយ៉ាងតឹងរឹង» សម្រាប់អ្នកដែលមិនប្រើមធ្យោបាយស្របច្បាប់ ក្នុងការចូលសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា វត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅប្រទេសមិចស៊ិក គឺដើម្បី ជំនួបពិភាក្សាសន្តិសុខកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ ប៉ុន្តែបញ្ហា ជញ្ជាំងព្រំដែនដ៏ចម្រូងចម្រាស ហាក់បីដូចជាមិនមានការលើកឡើងទេ។ ថ្មីៗនេះ ប្រធានាធិបតីម៉ិកស៊ិកបានរិះគន់ការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន ដែលថា ខ្លួននឹងបន្ថែមរបាំង ដែលជាគោលនយោបាយចុះហត្ថលេខា ដោយអតីតប្រធានាធិបតីអាមេរិក Donald Trump ដោយលោកប្រធានាធិបតីម៉ិកស៊ីក Andres Manuel Lopez Obrador ចាត់ទុកថា ជា «ការដើរថយក្រោយ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត