គណបក្ស ប្រឆាំងថៃ ស្នើ ឱ្យមានការលើក លែង ទោសសកម្មជននយោបាយ រារាប់ពាន់នាក

ថៃ៖ កាលពីថ្ងៃព្រហស្បតិ៍ គណបក្សប្រឆាំងរបស់ប្រទេសថៃបានដាក់សេចក្តីព្រាងច្បាប់មួយ ដើម្បីស្នើសុំឱ្យមានការលើកលែងទោសដល់សកម្មជនរាប់ពាន់នាក់ ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ដោយសារតែពួកគេបានចូលរួមធ្វើបាតុកម្មនយោបាយកន្លងមក ក៏ដូចជាអ្នកជាប់ទោសពីបទប្រមាថព្រះមហាក្សត្រ ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ។
 
នៅក្នុងសេចក្តីព្រាងច្បាប់ដែលបានដាក់ស្នើនៅក្នុងសភានោះ បានរៀបរាប់អំពីការបាតុកម្មតវ៉ានយោបាយទាំងអស់ រាប់ចាប់តាំងពីឆ្នាំ២០០៦ មក ក្នុងនោះរួមមាន ភាពចលាចលនៅប្រទេសថៃដែលបង្កឱ្យមានរដ្ឋប្រហាររហូតដល់ទៅពីរលើក ការទម្លាក់នាយករដ្ឋមន្ត្រីបីនាក់ដោយតុលាការ និងហិង្សាធ្ងន់ធ្ងរដែលបានកើតមានអំឡុងពេលបាតុកម្មនៅតាមដងផ្លូវ។
 
គណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលបានឈ្នះការបោះឆ្នោតកាលពីខែឧសភា ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបាន កំពុងស្នើសុំឱ្យមានការបង្កើតគណៈកម្មាធិការមួយ ដែលមានសមាសភាពដូចជាប្រធានសភា តំណាងរដ្ឋាភិបាល គណបក្សប្រឆាំង និងតុលាការ ដើម្បីធ្វើការសម្រេចថា តើនរណាដែលមានសិទ្ធិទទួលបានការលើកលែងទោស។
 
អគ្គលេខាធិការបក្ស លោក ឆៃថាវ៉ាត ធូឡាថន (Chaithawat Tulaton) បាននិយាយថា «យើងមិនបានបញ្ជាក់អំពីបទល្មើសណាមួយជាក់លាក់នោះទេ ពីព្រោះមានករណីច្រើន ហើយកើតឡើងក្នុងរយៈពេលវែង»។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា សេចក្តីព្រាងច្បាប់នេះបានចែងថា បុគ្គលដែលពាក់ព័ន្ធនឹងកុបកម្ម បង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬការបំពានអំណាចក្នុងការបង្រ្កាបសន្តិសុខ នឹងមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានការលើកលែងទោសនោះទេ។
 
គួរកត់សម្គាល់ថា គណបក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនទៅលើរបៀបវារៈកំណែទម្រង់នយោបាយថៃមួយចំនួន ដូចជា សំណើ សុំ កែប្រែ ច្បាប់ ការពារ រាជានិយម ពី ការ រិះគន់ជាដើម។ ការណ៍នេះបាន ធ្វើឱ្យ ពួករាជានិយម យោធា និង សមាជិកសភា អភិរក្សនិយម បាន រួបរួម គ្នា ដើម្បី រារាំង គណបក្ស មួយនេះ មិន ឱ្យ ឡើងកាន់ អំណាចបាន។
 
គេ មិន ទាន់ដឹងច្បាស់នោះទេថា តើគណបក្សឆ្ពោះទៅមុខនឹងមាន ការ គាំទ្រ ខ្លាំងប៉ុណ្ណា ចំពោះ ផែនការ លើក លែង ទោស មួយនេះ។ ប៉ុន្តែកាលពីឆ្នាំ២០១៣ ការប៉ុនប៉ងស្រដៀងគ្នានេះបានធ្វើឡើងដោយគណបក្សភឿថៃដែលកំពុងកាន់អំណាចបច្ចុប្បន្ន ហើយបាននាំឱ្យមានការតវ៉ា និងទីបំផុតបានឈានរហូតទៅដល់មានរដ្ឋប្រហារកើតឡើង។
 
ចាប់តាំងពីឆ្នាំ២០០៦ មានមនុស្សជាង ៤៤០០ នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ទាក់ទងនឹងការប្រមូលផ្តុំនយោបាយ នេះបើយោងតាមការគណនារបស់សារព័ត៌មាន Reuters ដែលរាប់បញ្ចូលទាំងករណីដែលបានបិទបញ្ចប់ទៅហើយផងដែរ។
 
ដោយឡែក តួលេខពីក្រុមជំនួយផ្នែកច្បាប់ អង្គការមេធាវីថៃដើម្បីសិទ្ធិមនុស្ស បានបង្ហាញថាមនុស្សចំនួន ១៩២៨ នាក់ត្រូវបានកាត់ទោសជុំវិញការប្រមូលផ្តុំនយោបាយ ដោយក្នុងនោះ មនុស្សចំនួន ២៥៨ នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
 
មនុស្ស ចំនួន ៥០០ នាក់ដែលមានទំនាក់ទំនងជាមួយក្រុមនយោបាយអភិរក្សនិយម រួមទាំងក្រុមអាវលឿងដែលជាប់ពាក់ព័ន្ធនឹងការបាតុកម្មបិទផ្លូវក្នុងឆ្នាំ២០០៨ ២០០៩ ២០១៣ និង២០១៤ ក៏ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសផ្សេងៗផងដែរ នេះបើយោងតាមការលើកឡើងរបស់ លោកមេធាវី ភួងធីប ប៊ូនសាណង (Puangtip Boonsanong)។
 
លោកស្រី ធីតា ថាវ៉នសិដ្ឋ ដែលជាឥស្សរជនលេចធ្លោក្នុងចលនាអាវក្រហមរបស់គណបក្សប្រឆាំង បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកគាំទ្ររបស់ពួកគេជាង ២០០០នាក់ បានប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់។ ចលនាអាវក្រហមនេះផងដែរ ធ្លាប់បានចូលរួមនៅក្នុងការបាតុកម្មដ៏ធំមួយអំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០០៩។ មួយឆ្នាំក្រោយមកទៀត ក្រុមនេះបានធ្វើការប្រមូលផ្ដុំបាតុកម្មនៅមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុងបាងកកអស់រយៈពេល ១០ សប្ដាហ៍៕
ប្រែសម្រួល:ធា សុណា
 
ប្រភពព័ត៌មាន៖ The Straits Times
Thai opposition proposes amnesty covering 2 decades of political offences
https://www.straitstimes.com/asia/thai-opposition-proposes-amnesty-covering-2-decades-of-political-offences

ads banner