គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ ឯកឧត្តម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ មហាសន្និបាតវិសាមញ្ញនេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិក និងប្រតិបត្តិករប្រៃសណីយ៍ជាតិនិងឯកជន មកពី ១៩២ប្រទេស។

ក្នុងឱកាសមហាសន្និបាតវិសមញ្ញនេះ ប្រធានបទសំខាន់មួយដែលត្រូវបានលើកយកពិភាក្សាគឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីដើម្បីពង្រីកវិស័យប្រៃសណីយ៍កាន់តែទូលំទូលាយ (WPSPs) ដែល រួមមានក្រុមហ៊ុនឯកជន និងអង្គការដៃគូនៅខាងក្រៅបណ្តាញរបស់ UPU ជាពិសេសការប្រើឌីជីថលជាជំនួយ ដើម្បីធានាបាននូវសេវាកម្មប្រកបដោយប្រសិទ្ធភាពជាសកល។

ទន្ទឹមនឹងនេះ ប្រទេសសមាជិកក៏បានពិនិត្យមើលវិធីសាស្រ្តក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុប្រៃសណីយ៍ ផងដែរ។ សំណើដែលបានលើកឡើង បានពិភាក្សាទៅលើការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារយ៉ាងឆាប់រហ័ស និងដើម្បីពង្រីកតួនាទីរបស់វិស័យប្រៃសណីយ៍ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុសកល សម្រាប់មនុស្សជាងមួយពាន់លាននាក់ដែលមិនបានប្រើប្រាស់សេវាកម្មធនាគារ។

មហាសន្និបាតវិសាមញ្ញនេះ ក៏បានពិភាក្សាបន្ថែមដោយឈរលើមូលដ្ឋានសេចក្តីសម្រេចមហាសន្និបាតលើកទី២៧ នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ឆ្នាំ២០២១ ដែលផ្តោតលើសកម្មភាពការការពារអាកាសធាតុក្នុងវិស័យប្រៃសណីយ៍។ ប្រទេសសមាជិកក៏បានពិនិត្យឡើងវិញនូវសំណើសម្រាប់គោលដៅអនុវត្តកាត់បន្ថយការបំភាយឧស្ម័នដោយស្ម័គ្រចិត្ត និងការប្តេជ្ញាលើការដាក់ចេញសកម្មភាពដោះស្រាយបញ្ហាអាកាសធាតុ គំនិតផ្តួចផ្តើមការកសាងសមត្ថភាព និងឱកាសក្នុងកិច្ចសហប្រតិបត្តិការជាមួយ WPSPs ដើម្បីរកដំណោះស្រាយ បញ្ហាអាកាសធាតុ។

ទន្ទឹមនឹងនេះ UPU ក៏បានបើកកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រឆ្នាំ២០២៣ នៅក្នុងឱកាសនៃមហាសន្និបាទនេះផងដែរ ដោយមានវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជា៖ រដ្ឋមន្ត្រី ប្រធាននិយ័តករប្រៃសណីយ៍ និងនាយកប្រតិបត្តិប្រៃសណីយ៍ ដើម្បីពិភាក្សាអំពី “មនុស្ស គោលបំណង និងវឌ្ឍនភាព៖ ជំពូកថ្មីសម្រាប់វិស័យ ប្រៃសណីយ៍”។

គួរបញ្ជាក់ផងដែរថា សហភាពប្រៃសណីយ៍សកល (UPU) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៤ បច្ចុប្បន្នមានសមាជិកចំនួន១៩២ប្រទេស។ សហភាពនេះបានដើរតួនាទីជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាង តួអង្គទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ដោយធានានូវបណ្តាញសកលមួយសម្រាប់ផលិតផល និងសេវាប្រៃសណីយ៍ តាមរយៈការបំពេញមុខងារជាអ្នកប្រឹក្សាយោបល់ សម្របសម្រួល ទំនាក់ទំនង និងការផ្តល់ជំនួយបច្ចេកទេស។ សហភាពនេះក៏បានកំណត់បទប្បញ្ញត្តិនានា ដើម្បីផ្លាស់ប្តូរបញ្ញើ និងផ្តល់អនុសាសន៍សម្រាប់ជំរុញកំណើននៃបរិមាណបញ្ញើ និងសេវាប្រៃសណីយ៍ហិរញ្ញវត្ថុ ព្រមទាំង លើកកម្ពស់គុណភាពសេវាសម្រាប់អ្នកប្រើប្រាស់។

ក្នុងឱកាសនោះដែរ គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូប្រទេសជប៉ុន ដែលដឹកនាំដោយ ឯកឧត្តម Takeuchi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍ប្រទេសជប៉ុន។

ឯកឧត្តម ប៉ា វង្សវិចិត្រ និង ឯកឧត្តម Takeuchi បានសម្តែងសេចក្តីរីករាយចំពោះការចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍រួមគ្នា ដើម្បីអបអរសាទរខួបលើកទី៧០នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner