ក្រសួងការងារជួបសំណេះសំណាលជាមួយសហជីពនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីចក្ខុវិស័យរួមគ្នា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេងសួរ បានជួបសំណេះសំណាលជាមួយសហភាព និង សហព័ន្ធ សហជីពចំនួន២០៥នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីគោលដៅរួម របស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។
ក្នុងជំនួបនេះត្រូវបានក្រសួងការងារ ឱ្យដឹងថា ធ្វើឡើងក្នុងន័យអនុវត្ត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្រៅពីនេះ ជំនួបនេះក៏មាន គោលបំណងរឹតចំណងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូដែលមិនអាចខ្វះបានក្នុងការជួយជ្រោមជ្រែងនិងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងភាពសុខដុមនីយម្មក្នុងវិស័យការងារនៅកម្ពុជា។
ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ ថាភាពសុខដុមនីយកម្មក្នុងវិជ្ជាជីវៈផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនេះទាមទារ ឱ្យគ្រប់ភាគីទាំងសហជីព ដែលតំណាងឱ្យកម្មករនិយោជិតយល់ពី ក្របខ័ណ្ឌ គតិយុត្តិនិង កាតព្វកិច្ចរបស់គ្រប់ភាគីដែលត្រូវបាន កំណត់ ដើម្បីរក្សាប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។
គួរបញ្ជាក់ថា នេះគឺជាជំនួបទ្រង់ទ្រាយធំលើកទី១ រវាងសហជីព គ្រប់និន្នាការ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដើម អាណត្តិទី៧នៃរាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហជីពគឺជាដៃគូមិនអាចខ្វះ បានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការពារអត្ថ ប្រយោជន៍ របស់កម្មករនិយោជិត ហើយការណ៍នេះតម្រូវឱ្យ សហជីព ទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍ សមត្ថភាពដើម្បីចូលរួមកសាង បរិយាកាស អាជីវកម្មមួយដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញ ក្នុងការរក្សាប្រយោជន៍ជូនកម្មករនិយោជិតយូរអង្វែង។
បើតាមឯកឧត្តមរដ្ឋមន្ត្រី វប្បធម៌ជជែកពិភាក្សាគ្នាក្នុងនាម ក្រុម គ្រួសារតែមួយ ការជជែកត្រង់ទៅត្រង់មករវាងសហជីព និង ក្រសួងការងារ គឺជាយន្តការដ៏ល្អបំផុតដើម្បីឱ្យវិស័យការងារ នៅកម្ពុជាកាន់តែរឹងមាំ និង ជាម្លប់ដ៏ត្រជាក់ប្រកបដោយភាព ទាក់ទាញសម្រាប់រក្សាការវិនិយោគដែលមានស្រាប់ និងកា រ ចាប់យកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាគឺជាឋានសួគ៌របស់ សហជីព ដែលបង្កើតឡើង ដើម្បីការពារប្រយោជន៍ដល់កម្មករ ដែលជាមធ្យម នៅរោងចក្រមួយមានសហជីពមិនតិចជាងបីផ្សេងគ្នានោះទេ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃទំនាក់ទំនងនិងចំណងមិត្តភាពស្អិតរមួតរវាងភាគីទាំងពីរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង បង្កើតឱកាសជំនួបជាលក្ខណៈដាច់ដោយឡែកនិងជាក្រុមប្រមូលផ្តុំឱ្យបានញឹកញាប់ជាមួយគ្នា។
ក្រោយបញ្ចប់ការសំណេះសំណាលសហជីពទាំងអស់បានចូលរួមពិសាអាហារសាមគ្គីនិងកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕
ដោយ៖ម៉ាដេប៉ូ