លោក ពូទីន៖ រុស្ស៊ីនឹងចាប់ផ្តើមបញ្ជូនឧស្ម័នទៅកាន់អ៊ូសបេគីស្ថានចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ
មូស្គូ៖ មេដឹកនាំរុស្ស៊ីបានប្រកាសថា ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងចាប់ផ្តើមបញ្ជូនឧស្ម័នទៅកាន់ប្រទេសអ៊ូសបេគីស្ថាន តាមរយៈប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានគូសបញ្ជាក់ថា បញ្ហានៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកំពុងត្រូវបានចាត់ទុកថា ជាបញ្ហាសំខាន់មួយនៅក្នុងការចរចារ។ ដូច្នេះហើយ នៅថ្ងៃស្អែកនេះ ប្រធានាធិបតីអ៊ូសបេគីស្ថាន និងខ្ញុំ រួមជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន នឹងចូលរួមក្នុងពិធីដ៏ឧឡារិកនៃការចាប់ផ្តើមដំណើរការផ្គត់ផ្គង់ឧស្ម័នរបស់ក្រុមហ៊ុនរុស្ស៊ី Gazprom ដល់ប្រទេសអ៊ូសបេគីស្ថាន។

លោក ពូទីន បន្តថា នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ ដែលឧស្ម័នផលិតដោយទីក្រុងមូស្គូត្រូវបានបញ្ជូនចេញពីរុស្ស៊ីទៅកាន់ប្រទេសអាស៊ីកណ្តាល និងថា ឧស្ម័នរបស់រុស្ស៊ីនឹងទៅដល់អ៊ូសបេគីស្ថាន នៅពេលឆ្លងកាត់កាហ្សាក់ស្ថាន ហើយឥន្ធនៈមួយចំនួនក៏នឹងត្រូវផ្គត់ផ្គង់ទៅឱ្យកាហ្សាក់ស្ថានផងដែរ។ លោក ពូទីន បន្ថែមថា គម្រោងដែលមានអត្ថប្រយោជន៍ទៅវិញទៅមកនេះ ត្រូវបានបង្កើតឡើងដើម្បីជួយធានាសន្តិសុខថាមពល ទាំងអ៊ូសបេគីស្ថាន និង កាហ្សាក់ស្ថាន ក៏ដូចជាតំបន់អាស៊ីកណ្តាលទាំងមូលផងដែរ។

រីឯប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀហ្ស៊ីយ៉ូយ៉េវ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមានទំនុកចិត្តថា ការចរចាថ្ងៃនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងអ៊ូសបេគីស្ថាន និងរុស្ស៊ី, ភាពជាដៃគូយុទ្ធសាស្រ្ត និងសម្ព័ន្ធភាពរបស់យើង និងការពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសរបស់ពួកយើង។
ការប្រកាសខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ី និងសមភាគីអ៊ូសបេគីស្ថាន គ្រោងនឹងចូលរួមពិធីបើកដំណើរការការដឹកជញ្ជូនឧស្ម័ននៅថ្ងៃសៅរ៍ទី៧ ខែតុលានេះ (ម៉ោងក្នុងតំបន់) តាមរយៈវីដេអូអនឡាញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា