លោក Elon Musk៖ ការបញ្ជូនយានអវកាស Starship ទៅកាន់ភពអង្គារអាចនឹងកើតឡើងឆាប់ៗនេះ
បរទេស៖ មហាសេដ្ឋី Elon Musk បានប្រកាសថា ការសាកល្បងចុះចតយានអវកាសដោយគ្មានអវកាសយានិកនៅលើផ្ទៃភពអង្គារ គ្រោងនឹងធ្វើឡើងក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀត។
លោក Elon Musk បានប្រកាសថា គម្រោងយានអវកាស Starship របស់ក្រុមហ៊ុន SpaceX ឆាប់ៗខាងមុខនេះ នឹងមើលឃើញការហោះហើរដោយគ្មានអវកាសយានិកទៅកាន់ភពអង្គារ។

លោក Musk បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាក្នុងសមាជសហព័ន្ធអវកាសអន្តរជាតិ (IAF) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ តាមរយៈវីដេអូអនឡាញ។ លោក Musk បានប្រាប់លោក Clay Mowry ដែលជាប្រធាន IAF យ៉ាងដូច្នេះថា លោកគិតថា វាអាចទៅរួចក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀត ដើម្បីធ្វើការសាកល្បងចុះចតនៅភពអង្គារដោយមិនមានអវកាសយានិក។
ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន SpaceX រូបនេះបានបន្ថែមទៀតថា យានអវកាស Starship ដែលជាប្រព័ន្ធរ៉ុក្កែតដែលអាចប្រើឡើងវិញបានដ៏ធំបំផុត បាននឹងកំពុងរៀបចំសម្រាប់ការហោះហើរសាកល្បងជាលើកទីពីររបស់ខ្លួន ហើយក៏កំពុងរង់ចាំអាជ្ញាប័ណ្ណបាញ់បង្ហោះពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ដែលគាត់បាននិយាយថា នឹងផ្តល់ឲ្យភ្លាមៗនៅក្នុងខែនេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
