សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះពេជ្រ កោះនរា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ ការសម្រេចនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ក្រោយផុតរយៈពេល៣ថ្ងៃ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្រោយបញ្ចប់ការស្ថានទាំងស្រុង អាជ្ញាធរនឹងដាក់ឱ្យប្រើប្រាស់តែម្ដង។ នេះបើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មាន Freshnews។

ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ៩៥%។ កន្លងមកដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឲ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាល។

ជាការកត់សម្គាល់ សម្រាប់ការប្រើប្រាសជាបណ្ដោះអាសន្ននូវស្ពានកោះពេជ្រ កោះនរានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥តោនចុះក្រោម៕
ដោយ៖ពលជ័យ

ads banner