រាជរដ្ឋាភិបាលរៀបចំពិធី បង្សុកូលឧទ្ទិសកុសលជូនជនរង គ្រោះ ដែលបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានរាប់បាត្រព្រះសង្ឈចំនួន ៤៤ អង្គ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបាត់បងជីវិតនៅគុកទួលស្លែង និងនៅទូទាំងប្រទេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ) ដែលបញ្ចប់ទៅកាលពី ៤៤ឆ្នាំមុន។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បួងសួងសូមឲ្យទេវតានិងវត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមថែរក្សា ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ វឌ្ឍនភាព និង ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកផងដែរថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
មន្ទីរស ២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។
អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ ១២នាក់នោះមានកុមារ ៤នាក់ ។
មន្ទីរឃុំឃាំងស-២១ មានបុគ្គលិកបម្រើការផ្ទាល់និងប្រយោលប្រមាណ ១.៧២០នាក់។ បុគ្គលិកភាគច្រើន ជាកម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯបុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស ៕
ដោយ ង៉ាន់ ទិត្យ