មេដឹកនាំអ៊ីស្រាអែល៖ យើងកំពុងស្ថិតក្នុងសង្គ្រាម ក្រោយរងការវាយប្រហារពីក្រុមហាម៉ាស់

ហ្កាហ្សា៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា ពួកយើងកំពុងស្ថិតក្នុងសង្គ្រាម បន្ទាប់ពីរងការបាញ់ស្រោចរ៉ុក្តែតចេញពីតំបន់ហ្កាហ្សា ហើយអ្នកប្រយុទ្ធមកពីតំបន់ប៉ាឡេស្ទីនបានឆ្លងដែនចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដែលនេះជាភាពតានតឹងធំបំផុតមួយនៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា នៅព្រឹកនេះ ក្រុមហាម៉ាសបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងរដ្ឋ និងប្រជាជនអ៊ីស្រាអែល។ ខ្ញុំបានកោះប្រជុំប្រធានស្ថាប័នសន្តិសុខ ហើយបានបញ្ជាឱ្យបោសសម្អាតសហគមន៍ ដែលមានពួកភេរវករជ្រៀតចូល។

ជាមួយគ្នានេះ ខ្ញុំបានបញ្ជាឱ្យមានការចល័តទ័ពបំរុងយ៉ាងទូលំទូលាយ ហើយយើងនឹងបាញ់តបតទៅលើសត្រូវវិញ។ សត្រូវនឹងសងថ្លៃខូចខាតដែលមិនធ្លាប់មានពីមុនមក… យើងកំពុងស្ថិតក្នុងសង្រ្គាម ហើយយើងនឹងឈ្នះវា។

ការព្រមានរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ បានកើតមានឡើងក្រោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បានបើកប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃសៅរ៍ទី៧ ខែតុលានេះ តាមរយៈការបញ្ជូនក្រុមអ្នកប្រយុទ្ធឆ្លងដែនចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងការបាញ់ស្រោចគ្រាប់រ៉ុក្កែតចេញពីតំបន់ហ្កាហ្សា។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ក៏បានចេញមុខទទួលខុសត្រូវផងដែរ ដោយបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាង ៥,០០០គ្រាប់លើអ៊ីស្រាអែល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner