អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ជំងឺគ្រុនឈាមនឹងផ្ទុះឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប

ព្រុចសែល៖ ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា សត្វមូសដែលផ្ទុកជំងឺត្រូពិចនឹងធ្វើចំណាកស្រុកទៅភាគខាងជើង នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង ដែលនេះជាហេតុនឹងនាំឱ្យផ្ទុះជំងឺគ្រុនឈាម។

លោក Jeremy Farrar ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជំងឺគ្រុនឈាមនឹងក្លាយទៅជាជំងឺរាតត្បាតនៅក្នុងផ្នែកខ្លះនៃសហរដ្ឋអាមេរិក អឺរ៉ុប និងទ្វីបអាហ្រ្វិកក្នុងទសវត្សរ៍ក្រោយ ដោយសារការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្ម។

ជម្ងឺគ្រុនឈាមបានកើតមានជាយូរមកហើយនៅតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។ តួយ៉ាង វាបានធ្វើឱ្យមានមនុស្សស្លាប់ប្រចាំឆ្នាំកើនឡើងរហូតដល់ ២០,០០០នាក់ ខណៈដែលករណីកើតជំងឺនេះបានកើនឡើង ៨ដងចាប់តាំងពីឆ្នាំ ២០០០ ដោយសារការប្រែប្រួលអាកាសធាតុបានពង្រីកជម្រករបស់សត្វមូសដែលផ្ទុកមេរោគគ្រុនឈាម។

បច្ចុប្បន្នប្រទេសបង់ក្លាដែសកំពុងជួបប្រទះនឹងការផ្ទុះឡើងនូវជំងឺគ្រុនឈាមដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន ដោយមានករណីកើតជំងឺនេះជាង ២០៨,០០០នាក់ និងអ្នកស្លាប់ចំនួន ១,០០០នាក់ត្រូវបានកត់ត្រាចាប់តាំងពីខែមករា នេះបើយោងតាមអគ្គនាយកដ្ឋានសេវាសុខាភិបាល Bengali។ រីឯតំបន់អឺរ៉ុបវិញ ក៏បានមើលឃើញករណីកើតជំងឺគ្រុនឈាមច្រើនជាងមួយទសវត្សរ៍មុននេះផងដែរ ខណៈជំងឺគ្រុនឈាមនេះក៏ត្រូវបានកត់ត្រានៅក្នុងរដ្ឋផ្លរីដា និងរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner