ស្លាប់ និងរបួសជិត ៦០នាក់ ក្នុងគ្រោះរញ្ជួយដីវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន
កាប៊ុល៖ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៣រ៉ិកទ័របានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៧ ខែតុលានេះ បណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ និង៤០នាក់ទៀតរងរបួស។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តរបស់សហរដ្ឋអាមេរិកបាននិយាយថា អាហ្វហ្គានីស្ថានបានរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៣រ៉ិកទ័រ ដោយមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុងហើរ៉ាត់ ហើយត្រូវបានបន្តដោយការរញ្ជួយដីចំនួន ៥ទៀត ដែលមានកម្រិត៥.៥រ៉ិកទ័រ, ៤.៧រ៉ិកទ័រ, ៦.៣រ៉ិកទ័រ, ៥.៩រ៉ិកទ័រ និង៤.៦រ៉ិកទ័រ។
ទន្ទឹមគ្នា មានមនុស្សម្នាយ៉ាងច្រើនកុះករបានរត់គេចខ្លួនចេញពីអគារក្នុងទីក្រុង នៅម៉ោងប្រហែល១១ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) នៅពេលការរញ្ជួយដីបានកើតឡើង ហើយជាលទ្ធផលនោះ មនុស្ស ៤០នាក់រងរបួស និងស្លាប់១៥នាក់ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់។
ទីក្រុងហើរ៉ាត់ ដែលមានចម្ងាយ ១២០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតនៃព្រំដែនជាមួយអ៊ីរ៉ង់ ត្រូវបានគេចាត់ទុកថា ជារដ្ឋធានីវប្បធម៌នៃប្រទេសអាហ្វហ្គានីស្ថាន និងមានប្រជាជនសរុបប្រមាណ ១.៩លាននាក់ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោកក្នុងឆ្នាំ២០១៩។
សូមរម្លឹកថា កាលពីខែមិថុនាឆ្នាំមុន មនុស្សជាង ១.០០០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតបាត់បង់ផ្ទះសម្បែង បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ បានវាយប្រហារខេត្តផាកទីកា ដែលជាខេត្តក្រីក្រមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

