ពលរដ្ឋចំនួន ១៦២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌

សៀមរាប៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារក្នុងឃុំ២ គឺឃុំជីក្រែង និងឃុំពង្រក្រោម ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានទទួលអំណោយពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ ។

លោក បូ  មេងគ្រី ប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានឲ្យដឹងថា  ដោយស្ថានភាពភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី៣០ កញ្ញា មកដល់ថ្ងៃទី៧ តុលា បានធ្វើឲ្យភូមិសាស្ត្រមួយចំនួនក្នុងស្រុកជីក្រែង រងការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងនោះឃុំជីក្រែង និង ឃុំពង្រក្រោម បានរងផលប៉ះពាល់ធ្ងន់ជាងបណ្តាឃុំផ្សេងៗ ដែល មាន ១៦២គ្រួសារ បានរងការលិចលង់ផ្ទះសម្បែង។ ក្នុងនោះមានផលប៉ះពាល់ដំណាំស្រូវ ចំនួន ៩ពាន់១២៧ហិកតា លើ ១២ឃុំ ស្មើ ១២០ភូមិ មាន ៦ពាន់៤៣៤គ្រួសារ និងផលប៉ះពាល់ដំឡូងមីប្រមាណ ៨១៣ហិកតា លើ៤ឃុំ មាន២៩ភូមិ ស្មើ ១ពាន់២០៨គ្រួសារ និង លិចទំនប់ប្រឡាយ ប្រវែង ៧១ពាន់៧ម៉ែត្រ ,ងាប់គោ ២ក្បាល និង មាន់ទាងាប់ អស់ចំនួន ៤ពាន់១១៤ក្បាល់ផងដែរ ។

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវ បន្តថា ថ្វីដ្បិតតែអំណោយមានចំនួនតិចតួច មិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតក្តី តែវាជាទឹកចិត្តមនុស្សធម៌ជួយគ្នា ដើម្បីសម្រាលនូវការលំបាកជាបណ្តោះអាសន្នបានមួយចំណែក ហើយអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ព្រមទាំងការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ 

លោកជំទាវ បានបញ្ជាក់ទៀតថា ស្ថិតនៅក្នុងរដូវវស្សា ដែលរងឥទ្ធិពលយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ សូមឲ្យលោកតា លោកយាយ អ៊ំ មាមីង បងប្អូនទាំងអស់ បង្កើនការប្រុងប្រយ័ត្នទាំងខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ កូនចៅពីគ្រោះមហន្តរាយដោយធម្មជាតិ មានខ្យល់កន្ត្រាក់ ទឹកជំនន់ រន្ទះជាដើម ពិសេសមេឃរៀបភ្លៀង និង កំពុងភ្លៀងធ្លាក់ ដោយត្រូវរួសរាន់រកទីតាំងសុវត្ថិភាព និង កុំបណ្តែកបណ្តោយឲ្យក្មេងលេងក្រៅផ្ទះ លេងទឹកដើមី្បជៀសវាងនូវប្រការអាក្រក់ណាមួយកើតឡើងដល់បងប្អូន ។

លោកជំទាវ ក៏បានក្រើនរំឮកបងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនទាំង ១៦២គ្រួសា ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ មី ត្រីខ អំបិល ស្ករស ទឹកត្រី មុង ភួយ សារុង ក្រមា និង ថវិកា ៥ម៉ឺនរៀលផងដែរ ៕ 

ដោយ ស៊ាន សុផាត

ads banner