រដ្ឋបាលខេត្តបាត់ដំបង ផ្តល់ស្បៀងបន្ទាន់ ជូនពលរដ្ឋខ្វះខាតជីវភាពខ្លាំង ៣០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះសួរសួរសុខទុក្ខ និងនាំយកនូវអំណោយជាស្បៀងមួយចំនួន ដើម្បីផ្ដល់ជូនដល់ក្រុមគ្រួសារក្រីក្រ និងខ្វះខាតជីវភាព កំពុងតែរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ចំនួន ៣០០គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ ណែនាំដល់គ្រប់អាជ្ញាធរស្រុកក៏ដូចជាគ្រប់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការចុះដោះស្រាយនូវបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ និង ត្រូវឆ្លើយតបជូនប្រជាពលរដ្ឋ ដែលប្រឈមខ្លាំង ឱ្យបានទាន់ពេលវេលា។ ជាពិសេសត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ ប្រមូលទិន្នន័យនៃការខូចខាតនានា និងផលប៉ះពាល់ទៅលើផលដំណាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋាន ដែលខូចខាតដោយសារតែគ្រោះទឹកជំនន់នេះ ឱ្យបានច្បាស់លាស់ ធ្វើរបាយការណ៍ឱ្យបានជាក់លាក់ឆាប់រហ័សមករដ្ឋបាលខេត្តដើម្បីអាជ្ញាធរខេត្តធ្វើការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយ ក្នុងការផ្ដល់ជាគ្រាប់ពូជស្រូវ ឬពូជដំណាំ និងជំនួយផ្សេងៗតាមលទ្ធភាពជាក់ស្ដែង ដើម្បីឆ្លើយតបក្នុងការស្ដារលទ្ធភាព ជីវភាពប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងចៀសសវាងភាពយឺតយ៉ាវ និងកង្វល់បញ្ហាប្រឈមរបស់បងប្អូន ។

ឯកឧត្ដម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវត្រៀមកម្លាំងចុះអន្តរាគមន៍ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីកេីតមានគ្រោះមហន្តរាយជាយថាហេតុណាមួយកើតឡើង។ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពខ្លួនឲ្យបានល្អ ជាប់ជាប្រចាំ ដេីម្បីបង្ការនិងទប់ស្កាត់ជំងឺដម្កាត់ផ្សេងៗ នៅក្នុងអំឡុងពេលនៃគ្រោះទឹកជំនន់៕

( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner