អ៊ីស្រាអែល៖ ក្រុមហាម៉ាស់ទំនងជាចាប់ជនជាតិរុស្ស៊ីធ្វើជាចំណាប់ខ្មាំង
ហ្ស៊េរុយសាឡិម៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសរុស្ស៊ី លោក Alexander Ben Zvi បានអះអាងថា ជនជាតិរុស្ស៊ីប្រហែលជាស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសរុស្ស៊ី លោក Alexander Ben Zvi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអាទិត្យទី៨ ខែតុលាថា ក្រុមសកម្មប្រយុទ្ធបានចាប់ចំណាប់ខ្មាំងជាច្រើន ក្នុងអំឡុងពេលការលុកលុយពីតំបន់ហ្គាហ្សាចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ចំនួនចំណាប់ខ្មាំងគឺមានច្រើន។ មនុស្សជាច្រើនបានប៉ាន់ប្រមាណថា មានប្រហែល ១០០នាក់ ប៉ុន្តែយើងមិនទាន់មានទិន្នន័យច្បាស់លាស់នៅឡើយទេ។
បើតាមឯកអគ្គរដ្ឋទូតអ៊ីស្រាអែលរូបនេះ យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែលចំនួន ៣៥០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ខណៈដែលមនុស្សប្រហែល ១,៨០០នាក់ផ្សេងទៀតបានរងរបួស។ ប៉ុន្តែតួលេខនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា