ឥណ្ឌូណេស៊ី​អំពាវនាវ​ឱ្យ​បញ្ចប់​ការប្រយុទ្ធគ្នារវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសដែលតែងតែគាំទ្រភាគីប៉ាឡេស្ទីនយូរមកហើយ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ឥណ្ឌូណេស៊ីបានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយថែមទាំងបានអំពាវនាវឱ្យភាគីទាំងពីរធ្វើយ៉ាងណាត្រូវបញ្ចប់ជម្លោះប្រដាប់អាវុធជាបន្ទាន់។​

ក្រសួងការបរទេសឥណ្ឌូណេស៊ីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឥណ្ឌូណេស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើតមានឡើងនូវជម្លោះបាញ់គ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ប្រទេសឥណ្ឌូនេស៊ីជំរុញឱ្យភាគីជម្លោះ បញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់ ដើម្បីជៀសវាងការស្លាប់មនុស្សបន្ថែមទៀត»។​

កន្លងមក ឥណ្ឌូណេស៊ីតែងតែបានបង្កាញពីគោលជំហរគាំទ្រចំពោះការតស៊ូរបស់ក្រុមប៉ាឡេស្ទីន ដើម្បីទទួលបានឯករា​ជ្យពីអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖ «ឫសគល់នៃជម្លោះ គឺការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយអ៊ីស្រា​អែល ហើយបញ្ហានេះត្រូវតែដោះស្រាយឱ្យស្របតាមសេចក្ដីសម្រេចដែលបានព្រមព្រៀងគ្នាដោយអង្គការសហប្រ​ជា​ជាតិ»។​

ប្រទេស​ដែល​មាន​ប្រជាជន​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេបំផុត​នៅលើ​ពិភពលោកនេះ ​ក៏​បាន​លើកឡើងផងដែរថា​ ខ្លួ​ន​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បើក​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែលនោះ​ទេ។​

កាលពីខែមីនា សមាគមបាល់ទាត់អន្តរជាតិ FIFA បានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ ដោយសារតែមេដឹកនាំនយោបាយឥណ្ឌូណេស៊ីមួយចំនួន បានតវ៉ាជាសាធារណៈប្រឆាំងនឹងការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងការប្រកួតនោះ។

កាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបាននិយាយថា ជនជាតិអ៊ីស្រាអែលជាង ២០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលត្រូវបានគេហៅថា ក្រុមហាម៉ាស់ (Hamas)។

នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​ លោក បិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ធ្លាប់បាន​សន្យា​ថា​ «អ៊ីស្រាអែលនឹង​កម្ទេច​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ប្រដាប់អាវុធនៅតំបន់​ហ្កាហ្សា ដោយ​ប្រើ​ការ​វាយ​ប្រហារ​តាម​អាកាស​»។ ការធ្វើបែននេះ​បាន​បណ្តាលឱ្យ​​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​យ៉ាង​ហោច​ណាស់ ២៣២​នាក់ នេះ​បើ​យោងតាមក្រុម​មន្ត្រី​នៅតំ​បន់​ហ្កាហ្សា។​

ការបើកការវាយប្រហាររបស់ក្រុមហាម៉ាស់លើកនេះ គឺ​ជា​ព្រឹត្តិការណ៍ដ៏​សាហាវ​បំផុត​ក្នុង​ជម្លោះ​រវាងភាគីទាំងពីរអស់រយៈ​ពេលជាច្រើនទសវត្សរ៍មកនេះ។ យ៉ាងណាក៏ដោយ បណ្ដាប្រទេសលោកខាងលិចបានចេញមុខថ្កោលទោសការវាយប្រហារដោយក្រុមហាម៉ាស់ ពោលគឺជាក្រុមដែលប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តែងតែចា​ត់ទុកថាជាអង្គការភេរវករ៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia

Indonesia calls for the end of Israeli-Palestinian violence

https://www.channelnewsasia.com/asia/indonesia-calls-end-israeli-palestinian-violence-3829996

ads banner