ពីរថ្ងៃ ក្រោយការផ្ទុះសង្គ្រាមអ៊ីស្រាអែល និងប៉ាឡេស្ទីន តើមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង?

ហ្ស៊េរុយសាឡិម៖ ក្រុមហាម៉ាស់បានបើកការវាយប្រហារទៅលើអ៊ីស្រាអែលក្នុងទ្រង់ទ្រាយធំមួយមិនធ្លាប់មានពីមុនក្នុងរយៈពេល ៥០ ឆ្នាំមកនេះ។ មនុស្ស​រាប់រយអ្នកបានស្លាប់ ហើយ​អ៊ីស្រាអែល​បាន​ប្រកាសដាក់ប្រទេសក្នុងស្ថានភាព​សង្រ្គាម។ ការវាយប្រ​ហា​ររបស់ក្រុមហាម៉ាស់នេះ ធ្វើឡើងនៅព្រឹកថ្ងៃវិស្សមកាលរបស់អ៊ីស្រាអែល ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងការព្រួ​យ​បារម្ភយ៉ាងខ្លាំង ទាំងអ្នករស់នៅក្នុងប្រទេសអ៊ីស្រាអែល និងអ្នករស់នៅតំបន់ប៉ាឡេស្ទីន។​

តើយើងបានដឹងអ្វីខ្លះ​ពីការប្រយុទ្ធគ្នាមួយនេះ? ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗក្រោយការផ្ទុះសង្គ្រាម៖​

កងកម្លាំងអ៊ីស្រាអែលបានបន្តប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតាមដងផ្លូវនៃភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ហើយបានបើកការវាយប្រហារតបតវិញ ទៅលើអគារបាក់បែកជាច្រើនកន្លែងនៅតំបន់ហ្កាហ្សា។ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល និងដែលមិនធ្លាប់មានពីមុនមកដោយក្រុមសកម្មប្រយុ​ទ្ធ​ប៉ាឡេស្ទីនចូលទៅក្នុងប្រទេសអ៊ីស្រាអែល បានសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទ​សវ​ត្ស​រ៍​មកនេះ។​

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែលចំនួន ៦០០ នាក់ត្រូវបានសម្លា​ប់ក្នុងនោះមានទាហាន ៤៤ នាក់ និងជាង ២ ០០០ នាក់បានរងរបួស។​

ដោយឡែក អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៣៧០ នាក់ត្រូវបានសម្លា​ប់ រួមទាំងកុមារ ២០ នាក់ និង២ ២០០ នាក់បានរងរបួសដោយសារតែអ៊ីស្រាអែលបានបើកការវាយប្រហារតាមអា​កា​ស​នៅតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃសៅរ៍មក។ មនុស្ស ​៧ ​នាក់​ទៀតក៏​ត្រូវ​បាន​សម្លាប់​ដោយ​សារការ​បាញ់​រះ​របស់​កងទ័ព​អ៊ី​ស្រាអែល​នៅ​តំបន់ វែសធ៍បែង (West Bank)។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គាម ហើយលោកបានសន្យាថា នឹងឱ្យសត្រូវរបស់លោកសងការខូចខាតទាំងអស់មកវិញ។ រីឯមេដឹកនាំក្រុមហាម៉ាស់វិញ បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះ។​

កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមមន្ត្រីយោធាអ៊ីស្រាអែលបាននិយាយថា មានភេរវកររាប់រយនាក់ត្រូវបានបាញ់សម្លាប់ និងរាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួន ខណៈដែលការប្រយុទ្ធនៅតែបន្ត។​

យោធា​អ៊ីស្រាអែល​បាន​ឱ្យដឹងទៀតថា​ ប្រជាជន​ស៊ីវិល ​និង​ទាហាន​ជាច្រើននាក់ ត្រូវ​បានក្រុមសកម្មប្រយុទ្ធហាម៉ាស់​ចាប់​ខ្លួន​ទៅ​កាន់តំបន់​ហ្កាហ្សា ហើយ​កំពុង​ត្រូវ​បាន​ដាក់ជា​ចំណាប់​ខ្មាំង។​

នៅភាគខាងជើងប្រទេសអ៊ីស្រាអែលវិញ ការផ្ទុះអាវុធរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហេបូឡា (Hezbollah) រ​បស់ប្រទេសលីបង់ ក៏បានកើតឡើងផងដែរ ដែលបង្កឱ្យមានការភ័យខ្លាចថាជម្លោះនេះនឹងកាន់តែរីកធំទូលំទូលាយជា​បន្តបន្ទាប់។​

នៅប្រទេសអេហ្ស៊ីបដែលជាប្រទេសជិតខាងវិញ ប៉ូលិសម្នាក់បានបាញ់សម្លាប់អ្នកទេសចរជនជាតិអ៊ីស្រាអែលពីរនាក់ និងជនជាតិអេហ្ស៊ីបម្នាក់នៅឯតំបន់ទេសចរណ៍ក្នុងទីក្រុងអាឡិចហ្សាន់ឌ្រា (Alexandria)។​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអាទិត្យ បន្ទាប់ពីអគ្គលេខាធិការលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានប្រកាសជំរុញឱ្យមានការព្យាយាមដោះស្រាយបញ្ហាតាមផ្លូវទូត ដើម្បីជៀសវា​ងការបង្កឱ្យស្ថានភាពកាន់តែធ្លាក់ដុនដាប។​

អ៊ីស្រាអែល​នឹង​ឈប់​ផ្គត់ផ្គង់​អគ្គិសនី ឥន្ធនៈ និង​ទំនិញ​ដល់​តំបន់​ហ្កាហ្សា ។នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ពី​ការិ​យា​ល័យ​របស់​លោក ណេតាន់យ៉ាហ៊ូ នៅ​យប់​ថ្ងៃ​សៅរ៍។​

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​ចេញ​​មុខថ្កោលទោស​​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុមហាម៉ា​ស់ប្រឆាំង​នឹង​អ៊ីស្រាអែល ដោយ​លោកបានថ្លែង​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ៖ «សហរដ្ឋ​អាមេរិក​នឹងឈរ​នៅ​ខាង​ប្រទេសអ៊ីស្រាអែល។ ការ​វាយ​ប្រហារ​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​រន្ធត់បំផុត»៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ The Guardian

Hamas and Israel at war: what we know on day two

https://www.theguardian.com/world/2023/oct/08/hamas-and-israel-at-war-what-we-know-on-day-2

ads banner